៥
ក្រឹត្យវិន័យអំពីមនុស្សមិនបរិសុទ្ធ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
២ «ចូរបញ្ជាអោយជនជាតិអ៊ីស្រាអែលបណ្ដេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះពាល់សាកសព ចេញពីជំរំ។
៣ ទោះបីប្រុស ឬស្រីក្ដី ត្រូវបណ្ដេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើអោយជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅហ្មងឡើយ»។
៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាម គឺបណ្ដេញអ្នកទាំងនោះចេញពីជំរំ។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ។
ក្រឹត្យវិន័យអំពីការប្រគល់របស់ទៅម្ចាស់ដើមវិញ
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
៦ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:
“ប្រសិនបើនរណាម្នាក់ ទោះបីប្រុស ឬស្រីក្ដី ប្រព្រឹត្តអំពើបាបណាមួយចំពោះមនុស្សម្នាក់ អ្នកនោះប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ និងធ្វើអោយខ្លួនឯងមានទោស។
៧ អ្នកនោះត្រូវតែទទួលសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់របស់ដែលខ្លួនយកមកដោយទុច្ចរិតទៅម្ចាស់ដើមវិញ ទាំងបង់ជំងឺចិត្តអោយគេមួយភាគប្រាំផង។
៨ ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេ ត្រូវយករបស់នោះទៅថ្វាយព្រះអម្ចាស់ គឺប្រគល់ជូនបូជាចារ្យ ទាំងថ្វាយចៀមឈ្មោលមួយ ជាតង្វាយលោះបាបពីលើនោះថែមទៀត។
៩ អ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយរបស់ព្រះអម្ចាស់ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ។
១០ អ្វីៗដែលប្រជាជនថ្វាយព្រះអម្ចាស់ នឹងបានជាចំណែករបស់ខ្លួន ហើយអ្វីៗដែលគេប្រគល់ជូនបូជាចារ្យ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ”»។
ក្រឹត្យវិន័យអំពីស្ត្រីដែលគេសង្ស័យថាក្បត់ចិត្តប្ដី
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន
១៣ គឺរួមដំណេកជាមួយបុរសផ្សេងមិនអោយប្ដីដឹង។ ប្រសិនបើនាងប្រព្រឹត្តអំពើសៅហ្មងនេះដោយលួចលាក់ ឥតមានសាក្សីណាបានឃើញ ឥតមាននរណាចាប់ភស្ដុតាងបានទេ
១៤ តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត
១៥ ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបបូជាចារ្យ ទាំងនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសំរាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាតង្វាយនៃការប្រច័ណ្ឌ និងជាតង្វាយចង់ដឹងការពិតអំពីកំហុសមួយ។
១៦ បូជាចារ្យត្រូវនាំស្ត្រីនោះចូលមកជិត ហើយអោយនាងឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
១៧ បូជាចារ្យយកទឹកវិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅព្រះពន្លានោះដាក់ក្នុងទឹក។
១៨ បូជាចារ្យអោយស្ត្រីនោះឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយយកស្បៃចេញពីក្បាលរបស់នាង។ លោកដាក់តង្វាយចង់ដឹងការពិតអំពីកំហុស ជាតង្វាយនៃការប្រច័ណ្ឌនោះ ទៅក្នុងដៃរបស់នាង។ រីឯលោកវិញ លោកកាន់ទឹកសម្បថ ដែលនាំអោយត្រូវបណ្ដាសា ក្នុងដៃរបស់លោកផ្ទាល់។
១៩ បូជាចារ្យប្រាប់អោយនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំអោយទឹកសម្បថនេះនាំបណ្ដាសាមកលើនាងឡើយ។
២០ ផ្ទុយទៅវិញ ក្នុងពេលនាងនៅរួមរស់ជាមួយប្ដី នាងបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃក្រៅពីប្ដីរបស់ខ្លួន
២១ នោះសូមព្រះអម្ចាស់ធ្វើអោយនាងត្រូវបណ្ដាសា និងទទួលទោស តាមពាក្យដែលនាងបានស្បថស្បែ សូមព្រះអង្គធ្វើអោយនាងក្លាយទៅជាស្ត្រីអារ និងធ្វើអោយនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
២២ សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាង ធ្វើអោយនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា “សូមអោយកើតមានដូច្នោះមែន! អាម៉ែន!”។
២៣ បូជាចារ្យត្រូវសរសេរពាក្យសម្បថទុកក្នុងសៀវភៅមួយ រួចយកទឹកសម្បថនោះមកលុប។
២៤ បន្ទាប់មក លោកអោយទឹកសម្បថទៅនាងផឹក ទឹកសម្បថនោះចូលទៅក្នុងពោះនាង ធ្វើអោយនាងឈឺចុកចាប់។
២៥ បូជាចារ្យទទួលយកតង្វាយនៃការប្រច័ណ្ឌពីដៃនាង លោកធ្វើពិធីលើកតង្វាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយយកតង្វាយនោះទៅដាក់នៅលើអាសនៈ។
២៦ បូជាចារ្យត្រូវយកតង្វាយម្សៅមួយក្ដាប់ធ្វើជាទីរំលឹក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបលោកបង្គាប់អោយស្ត្រីនោះផឹកទឹក។
២៧ ក្រោយពីអោយនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្ដាលអោយនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
២៨ ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
២៩ នេះជាក្រឹត្យវិន័យស្ដីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង
៣០ និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ បូជាចារ្យត្រូវនាំស្ត្រីមកឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមក្រឹត្យវិន័យនេះ។
៣១ ពេលនោះ ប្ដីគ្មានទោសអ្វីទេ រីឯប្រពន្ធវិញ នាងត្រូវទទួលផលវិបាកតាមអំពើបាបរបស់ខ្លួន»។