២១
១ ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណាទឹកហូរទៅខាងនោះ។
២ មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។
៣ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។
៤ ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើនបង្ហាញអោយឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។
៥ អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។
៦ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។
៧ ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំអោយខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។
៨ ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។
៩ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
១០ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួន ក៏វាមិនត្រាប្រណីដែរ។
១១ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើអោយមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។
១២ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើអោយគេអន្តរាយ។
១៣ អ្នកណាធ្វើជាថ្លង់ មិនឮសំរែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅអោយគេជួយនឹងគ្មាននរណាអើពើឡើយ។
១៤ ជំនូនដែលជូនដោយសំងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ក៏ធ្វើអោយស្ងប់កំរោលដែរ។
១៥ ការប្រព្រឹត្តដោយយុត្តិធម៌ រមែងផ្ដល់អោយមនុស្សសុចរិតមានអំណរ តែធ្វើអោយមនុស្សទុច្ចរិតភ័យតក់ស្លុត។
១៦ អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។
១៧ អ្នកដែលភ្លើតភ្លើននឹងការសប្បាយ តែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។
១៨ មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។
១៩ ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។
២០ ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។
២១ អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែងជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។
២២ មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកំទេចកំពែងដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។
២៣ អ្នកដែលប្រយ័ត្នពាក្យសំដី តែងតែចៀសផុតពីទោសពៃរ៍។
២៤ មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកអោយអ្នកដទៃអ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។
២៥ បំណងរបស់មនុស្សខ្ជិល រមែងធ្វើអោយខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។
២៦ មនុស្សខ្លះគិតតែពីលោភចង់បាន រីឯមនុស្សសុចរិតវិញ តែងតែធ្វើទានដោយឥតសំចៃ។
២៧ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
២៨ សាក្សីក្លែងក្លាយរមែងវិនាស រីឯអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។
២៩ មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។
៣០ គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។
៣១ គេរៀបទ័ពសេះសំរាប់ថ្ងៃប្រយុទ្ធ តែជ័យជំនះស្ថិតនៅលើព្រះអម្ចាស់។