៥
ត្រូវប្រយ័ត្ននឹងស្ត្រីដែលក្បត់ប្ដី
១ កូនអើយចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ
២ ដើម្បីអោយកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។
៣ ធម្មតាស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង
៤ តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។
៥ ស្ត្រីប្រភេទនេះបណ្ដាលអោយអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។
៦ ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំអោយគេវង្វេងដោយមិនដឹងខ្លួន។
៧ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។
៨ ចូរដើរវាងអោយឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេអោយសោះ
៩ ក្រែងលោអ្នកផងទាំងពួងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តា បំផ្លាញជីវិតកូន
១០ ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។
១១ នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។
១២ ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ!
១៣ ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសំដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ!។
១៤ ខ្ញុំវិះតែអាម៉ាស់មុខ នៅក្នុងចំណោមសហគមន៍របស់ប្រជាជន»។
១៥ ប្រពន្ធរបស់កូនប្រៀបបាននឹងប្រភពទឹកដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់ ចូរផឹកតែទឹកនេះចុះ
១៦ កុំបណ្ដោយអោយទឹកនេះហូរទៅក្រៅ តាមដងផ្លូវឡើយ។
១៧ ចូរប្រើទឹកនេះតែម្នាក់ឯងបានហើយ កុំចែកអោយអ្នកដទៃ។
១៨ ចូរផ្ដល់សុភមង្គលអោយភរិយារបស់កូន ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។
១៩ ភរិយារបស់កូនមានចរិយាសមសួនគួរអោយស្រឡាញ់ សំរស់របស់នាងគួរជាទីគាប់ចិត្ត។ ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។
២០ កូនអើយហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ?
២១ អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។
២២ កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើអោយខ្លួនគេរើពុំរួច។
២៣ គេនឹងត្រូវស្លាប់ព្រោះខ្វះការអប់រំ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។