១០៤
អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះអម្ចាស់!
១ ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!
ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​បំផុត!
នៅ​ជុំវិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី
ដ៏​រុងរឿង​ចិញ្ចែងចិញ្ចាច!
២ ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំវិញ​ព្រះអង្គ
ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះពន្លា។
៣ ព្រះអង្គ​បាន​សង់​ព្រះដំណាក់​ខ្ពស់
លើស​ផ្ទៃ​មេឃ​ទៅ​ទៀត
ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះរាជរថ
ព្រះអង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។
៤ ព្រះអង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះអង្គ
ហើយ​យក​ផ្លេកបន្ទោរ
ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​។
៥ ព្រះអង្គ​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វា
ហើយ​ផែនដី​ក៏​រឹងមាំ ឥត​រង្គើ​សោះ​ឡើយ។
៦ នៅ​គ្រា​ដើម​ព្រះអង្គ​យក​មហាសាគរ
មក​គ្រប​ពី​លើ​ផែនដី​ទាំង​មូល
ហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ
៧ ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះអង្គ​គំរាម
ទឹក​ទាំង​នោះ​ក៏​រត់​ចេញ
នៅ​ពេល​ផ្គរ​របស់​ព្រះអង្គ​លាន់​ឮ​ឡើង
វា​នាំ​គ្នា​ភិតភ័យ​រត់​បាត់​អស់​ទៅ។
៨ ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ
ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ
តាម​កន្លែង​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។
៩ ព្រះអង្គ​បាន​កំរិត​ព្រំប្រទល់​ទឹក​ទាំង​នោះ
ដើម្បី​កុំ​អោយ​វា​លិច​ផែនដី​បាន​ទៀត។
១០ ព្រះអង្គ​បាន​ដឹក​នាំ​ប្រភព​ទឹក
អោយ​ហូរ​ទៅ​ក្នុង​ជ្រោះ
គឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា
១១ សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះ
ហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹក
ដើម្បី​បំបាត់​សំរេក​ដែរ។
១២ បក្សាបក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះ
ហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ
នៅ​តាម​មែក​ព្រឹក្សា។
១៣ ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះអង្គ​បាន​ស្រោច​ស្រព
ភ្នំ​ទាំងឡាយ
ហើយ​ព្រះអង្គ​ប្រទាន​អោយ​ផែនដី
មាន​ទឹក​យ៉ាង​បរិបូណ៌។
១៤ ព្រះអង្គ​ធ្វើ​អោយ​ស្មៅ​ដុះ​ឡើង​សំរាប់​ជា​ចំណី​សត្វ
ព្រះអង្គ​ក៏​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង
សំរាប់​មនុស្ស​លោក
ដើម្បី​អោយ​គេ​មាន​អាហារ​បរិភោគ
១៥ មាន​ស្រា​ទំពាំងបាយជូរ​ផឹក​អោយ​សប្បាយ​ចិត្ត
មាន​ប្រេង​សំរាប់​លាប​មុខ​អោយ​បាន​ស្រស់​ស្អាត
ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​អោយ​មាន​កម្លាំង។
១៦ សូម្បី​តែ​ដើម​ឈើ​ដែល​ព្រះអម្ចាស់​បាន​ដាំ
គឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់
ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។
១៧ បក្សាបក្សី​នាំ​គ្នា​ធ្វើ​សំបុក
នៅ​លើ​ដើម​ឈើ​ទាំង​នោះ
ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ
នៅ​លើ​ដើម​ឈើ​ទាល។
១៨ រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជំរក​របស់​ពពែ​ភ្នំ
ហើយ​ថ្មដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។
១៩ ព្រះអង្គ​បាន​បង្កើត​ព្រះច័ន្ទ
ដើម្បី​កំណត់​ពេល​វេលា
ហើយ​ព្រះអាទិត្យ​ក៏​ស្គាល់​ពេល
ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។
២០ ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់
ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្មភាព​របស់​វា
២១ សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា
វា​ទាមទារ​ចំណី​ពី​ព្រះជាម្ចាស់។
២២ ពេល​ព្រះអាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយ
ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។
២៣ ពេល​នោះ មនុស្សម្នា​ចាក​ចេញ​ពី​ផ្ទះ
ដើម្បី​បំពេញ​ការងារ​រៀងៗ​ខ្លួន
គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។
២៤ ឱ​ព្រះអម្ចាស់​អើយ
ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​មាន​ច្រើន​ឥត​គណនា
ព្រះអង្គ​ធ្វើ​ការ​ទាំង​អស់​នោះ
ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ
ផែនដី​មាន​ពោរពេញ​ទៅ​ដោយ​អ្វីៗ
សព្វ​សារពើ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។
 
២៥ មើល៍ហ្ន៎! សមុទ្រ​ធំធេង​ដាច់​កន្ទុយ​ភ្នែក
នៅ​ក្នុង​នោះ​មាន​មច្ឆាជាតិ​គ្រប់​យ៉ាង ទាំង​ធំ
ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។
២៦ នាវា​ទាំងឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ
ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត
ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។
២៧ សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។
២៨ ពេល​ព្រះអង្គ​ប្រទាន​ចំណី​អាហារ
វា​ក៏​នាំ​គ្នា​ទទួល​យក
ពេល​ព្រះអង្គ​ផ្គត់ផ្គង់​អោយ
វា​បាន​ឆ្អែត​ស្កប់ស្កល់។
២៩ ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវីរវល់​ទេ​នោះ
វា​មុខ​ជា​ភ័យ​ញាប់ញ័រ
ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា
វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។
៣០ ពេល​ណា​ព្រះអង្គ​ប្រទាន​ខ្យល់​ដង្ហើម
សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី
មាន​ជីវិត​ឡើង​វិញ។
៣១ សូម​សិរីរុងរឿង​របស់​ព្រះអម្ចាស់
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
សូម​ព្រះអម្ចាស់​រីករាយ
នឹង​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ!
៣២ ពេល​ព្រះអង្គ​ទត​មក​ផែនដី
នោះ​ផែនដី​ក៏​ញាប់ញ័រ
ពេល​ព្រះអង្គ​ពាល់​ភ្នំ
នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។
៣៣ អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះអម្ចាស់!
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះ​របស់​ខ្ញុំ
ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!
៣៤ សូម​អោយ​ទំនុក​របស់​ខ្ញុំ
បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ
សូម​អោយ​ខ្ញុំ​បាន​សប្បាយ​ដោយសារ​ព្រះអម្ចាស់
៣៥ សូម​អោយ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី
សូម​កុំ​អោយ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!។
ហាលេលូយ៉ា!