១២១
តើ​មាន​នរណា​ជួយ​ខ្ញុំ​ឬ​ទេ?
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ ខ្ញុំ​ងើប​មុខ​ឡើង
សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ
តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?
២ គឺ​មាន​តែ​ព្រះអម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែនដី​ប៉ុណ្ណោះ
ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។
៣ ព្រះអង្គ​មិន​បណ្ដោយ​អោយ​ជើង
របស់​អ្នក​ជំពប់​ដួល
ព្រះអង្គ​នឹង​ថែរក្សា​ការពារ​អ្នក
ដោយ​ឥត​ធ្វេសប្រហែស
៤ ព្រះអង្គ​ដែល​ថែរក្សា​ការពារ​ជន​ជាតិ​អ៊ីស្រាអែល
ទ្រង់​នឹង​មិន​ងោកងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។
៥  ព្រះអម្ចាស់​នឹង​ថែរក្សា​ការពារ​អ្នក
ព្រះអម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។
៦ នៅ​ពេល​ថ្ងៃ​ព្រះអាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ
ហើយ​នៅ​ពេល​យប់
ព្រះច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។
៧  ព្រះអម្ចាស់​នឹង​ថែរក្សា​ការពារ​ជីវិត​អ្នក
កុំ​អោយ​ការ​អាក្រក់​ណា​មួយ
កើត​មាន​ដល់​អ្នក​ឡើយ។
៨  ព្រះអម្ចាស់​ថែរក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ
រហូត​ដល់​ពេល​ត្រឡប់​មក​វិញ
ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។