១២៦
ព្រះអម្ចាស់​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​នាំ​អោយ​យើង​មាន​អំណរ​សប្បាយ
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ ពេល​ព្រះអម្ចាស់​នាំ​អស់​អ្នក
ដែល​ជាប់​ជា​ឈ្លើយ
ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ
យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។
២ យើង​សើច​សប្បាយ​ជានិច្ច
យើង​ស្រែក​ជយឃោស​
ពេល​នោះ ក្នុង​ចំណោម​ប្រជាជាតិ​នានា គេ​បាន​ពោល​ថា:
«ព្រះអម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។
៣  ព្រះអម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ
ចំពោះ​យើង​មែន
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។
៤ ឱ​ព្រះអម្ចាស់​អើយ សូម​ប្រោស​ប្រទាន​អោយ
យើង​ខ្ញុំ​បាន​ចំរុង​ចំរើន​ឡើង​វិញ
ដូច​វាល​រហោស្ថាន​ដ៏​ហួតហែង
មាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។
៥ អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក
អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។
៦ អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ
ទាំង​យំ​សោក
អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ
ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។​