១៣៥
ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម
១ ហាលេលូយ៉ា!
ចូរ​សរសើរ​តម្កើង ព្រះនាម​ព្រះអម្ចាស់!
អ្នក​បំរើ​របស់​ព្រះអម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
២ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង
ព្រះដំណាក់​របស់​ព្រះអម្ចាស់
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ
ព្រះដំណាក់​របស់​ព្រះ​នៃ​យើង​អើយ
៣ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស
ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះនាម​ព្រះអង្គ
ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​យើង។
៤  ព្រះអម្ចាស់​បាន​ជ្រើស​រើស​ពូជពង្ស​លោក​យ៉ាកុប
ហើយ​ព្រះអង្គ​យក​ជន​ជាតិ​អ៊ីស្រាអែល
ធ្វើ​ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះអង្គ។
 
៥ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម
ព្រះអម្ចាស់​របស់​យើង
ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។
៦ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ធ្វើ​ការ​អ្វី
ព្រះអង្គ​នឹង​សំរេច​ការ​នោះ
នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី
នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជំរៅ​នៃ​បាត​សមុទ្រ។
៧ ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ
ព្រះអង្គ​ធ្វើ​អោយ​មាន​ផ្លេក​បន្ទោរ
ដើម្បី​អោយ​ភ្លៀង​ធ្លាក់
ហើយ​ព្រះអង្គ​ក៏​បាន​បញ្ចេញ​ខ្យល់
អោយ​បក់​បោក​មក​ដែរ។
៨ ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំងឡាយ​នៅ
ស្រុក​អេស៊ីប
គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។​
៩ ព្រះអង្គ​សំដែង​ទី​សំគាល់
និង​ប្ញទ្ធិបាដិហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីប
ដើម្បី​ដាក់​ទោស​ព្រះចៅ​ផារ៉ោន
និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។​
១០ ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជាជាតិ​ជា​ច្រើន
ព្រះអង្គ​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ
១១ គឺ​ព្រះបាទ​ស៊ីហុន​ជា​ស្ដេច​ស្រុក​អាម៉ូរី
ព្រះបាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន
និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​កាណាន​
១២ ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
អោយ​អ៊ីស្រាអែល
ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក។
 
១៣ ឱ​ព្រះអម្ចាស់​អើយ ព្រះនាម​របស់​ព្រះអង្គ
នៅ​គង់វង្ស​រហូត​ត​ទៅ
ឱ​ព្រះអម្ចាស់​អើយ ព្រះកិត្តិនាម​របស់​ព្រះអង្គ
ល្បីល្បាញ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ
១៤ ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​អោយ
ប្រជារាស្ត្រ​របស់​ព្រះអង្គ
ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បំរើ
របស់​ព្រះអង្គ។
 
១៥ ព្រះ​របស់​ប្រជាជាតិ​នានា
សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់
ដែល​ជា​ស្នាដៃ​របស់​មនុស្ស។
១៦ ព្រះ​ទាំង​នោះ​មាន​មាត់​តែ​មិន​ចេះ​និយាយ
មាន​ភ្នែក​តែ​មើល​មិន​ឃើញ
១៧ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ
ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ​។
១៨ សូម​អោយ​អស់​អ្នក​ដែល​បាន​សូន
ធ្វើ​រូប​ព្រះ​ក្លែងក្លាយ
ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ
បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។​
 
១៩ ជន​ជាតិ​អ៊ីស្រាអែល​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់
ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់
២០ ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់
អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
២១ ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន
គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូសាឡឹម!
ហាលេលូយ៉ា!