១៤៨
ចូរអោយអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់
១ ហាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះអម្ចាស់
នៅស្ថានបរមសុខ!
អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ
ចូរសរសើរតម្កើងព្រះអង្គ!
២ ទេវតាទាំងអស់អើយ
ចូរសរសើរតម្កើងព្រះអង្គ!
ពពួកទេវតាទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
៣ ព្រះអាទិត្យ និងព្រះច័ន្ទអើយ
ចូរសរសើរតម្កើងព្រះអង្គ!
ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
៤ ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ
ចូរសរសើរតម្កើងព្រះអង្គ!
ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ
ចូរសរសើរតម្កើងព្រះអង្គ!
៥ ចូរអោយអ្វីៗសព្វសារពើសរសើរតម្កើង
ព្រះនាមព្រះអម្ចាស់
ដ្បិតពេលព្រះអង្គមានព្រះបន្ទូល
នោះអ្វីៗទាំងអស់កើតមានឡើង។
៦ ព្រះអង្គបានតាំងអ្វីៗទាំងអស់
អោយនៅស្ថិតស្ថេរជានិច្ចរហូតតទៅ
ព្រះអង្គបានដាក់វិន័យមួយ
ដែលមិនប្រែប្រួលឡើយ។
៧ ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី
មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ
ចូរសរសើរតម្កើងព្រះអង្គ។
៨ ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ
ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ
៩ ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ
និងដើមគគីរទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
១០ សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី
និងសត្វលូនវារទាំងឡាយអើយ
ចូរសរសើរតម្កើងព្រះអង្គ!
១១ ស្ដេចទាំងឡាយនៅផែនដីព្រមទាំងប្រជារាស្ត្រ
អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី
ចូរសរសើរតម្កើងព្រះអង្គ!
១២ យុវជន និងយុវនារី
មនុស្សចាស់ជរា និងកូនក្មេង
ចូរសរសើរតម្កើងព្រះអង្គ!
១៣ ចូរអោយទាំងអស់គ្នាសរសើរតម្កើង
ព្រះនាមព្រះអម្ចាស់
ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ
ដែលឧត្ដមប្រសើរលើសគេ
ព្រះអង្គសំដែងភាពថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដី និងផ្ទៃមេឃ។
១៤ ព្រះអង្គប្រោសប្រទានអោយប្រជារាស្ត្រ
របស់ព្រះអង្គមានកម្លាំងឡើងវិញ
ហើយធ្វើអោយអស់អ្នក
ដែលស្មោះត្រង់នឹងព្រះអង្គ
គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល
ដែលស្និទ្ធស្នាលនឹងព្រះអង្គបានខ្ពស់មុខឡើង!
ហាលេលូយ៉ា!