១៧
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ!
សូមទ្រង់ព្រះសណ្ដាប់សំណូមពរ
ដ៏ត្រឹមត្រូវរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹង
សំរែករបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់
ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
២ សូមរកយុត្តិធម៌អោយទូលបង្គំផង
ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ
ដែលត្រឹមត្រូវ។
៣ ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ
ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់
ព្រះអង្គបានល្បងចិត្តទូលបង្គំ
តែពុំឃើញមានបំណងអាក្រក់អ្វីទេ
ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ។
៤ ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល
របស់ព្រះអង្គ
ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ
ដូចមនុស្សឯទៀតៗនោះឡើយ។
៥ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន
ទូលបង្គំបោះជំហានតាមឥតលំអៀងទេ។
៦ ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ
ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។
៧ ព្រះអង្គតែងតែសង្គ្រោះអស់អ្នក
ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
អោយរួចពីពួកអ្នកសង្កត់សង្កិនគេ
ដូច្នេះ សូមសំដែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
៨ សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
៩ សូមកុំអោយមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំអោយខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ
ជីវិតទូលបង្គំបានឡើយ។
១០ អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង
១១ ពួកគេដេញតាមទូលបង្គំទាន់
ហើយឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ
បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២ ពួកគេប្រៀបបីដូចជាសត្វសិង្ហ
ដែលរង់ចាំតែហែកស៊ី
និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
១៣ ឱព្រះអម្ចាស់អើយ សូមតើនឡើង
សូមយាងទៅប្រឈមមុខនឹងពួកគេ
អោយពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះ
ទូលបង្គំអោយរួចពីកណ្ដាប់ដៃរបស់ជនពាល។
១៤ ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម
មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមដាក់ទោសពួកគេ អោយជីវិតពួកគេ
រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
១៥ ចំពោះទូលបង្គំវិញ
ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិត
ទូលបង្គំនឹងបានឃើញព្រះភក្ត្រព្រះអង្គ
ពេលទូលបង្គំក្រោកពីដំណេក
ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។