៣
ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះរាជបុត្រ។
១ ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់!
រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ
ក៏មានគ្នាច្រើនដែរ!
២ មានមនុស្សជាច្រើនពោលពីទូលបង្គំថា
«ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។
- សំរាក
៣ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គជាខែលការពារទូលបង្គំ
ព្រះអង្គផ្ដល់សិរីរុងរឿងអោយទូលបង្គំ
និងប្រោសអោយទូលបង្គំងើបមុខឡើងវិញបាន។
៤ ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់
យ៉ាងអស់ពីដួងចិត្ត
ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ
ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
- សំរាក
៥ ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់
ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។
៦ ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត
លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី
ក៏ខ្ញុំមិនភ័យខ្លាចដែរ។
៧ ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ!
ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ
ទាំងប៉ុន្មានរបស់ទូលបង្គំ
ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។
៨ បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ
ដែលអាចសង្គ្រោះ!
សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង!
- សំរាក