៣៤
ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ធ្វើពុតជាវិកលចរិតនៅចំពោះព្រះភក្ត្រស្ដេចអប៊ីម៉ាឡេក ធ្វើអោយស្ដេចអប៊ីម៉ាឡេកដេញព្រះអង្គចេញទៅ។
១ ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់
គ្រប់ពេលវេលា
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
២ ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ!
ចូរអោយមនុស្សទន់ទាបត្រងត្រាប់ស្ដាប់
ហើយមានអំណរសប្បាយឡើង!។
៣ សូមប្រកាសជាមួយខ្ញុំថា
ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង!
យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។
៤ ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ
ព្រះអង្គបានរំដោះខ្ញុំអោយរួចពីការភ័យខ្លាច
ទាំងអម្បាលម៉ាន។
៥ អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ
អ្នកនោះនឹងបានពោរពេញទៅដោយអំណរ
ហើយនឹងមិនខកចិត្តសោះឡើយ។
៦ មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយសង្គ្រោះគេអោយរួចផុត
ពីគ្រោះកាចទាំងប៉ុន្មានផង។
៧ ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ
អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយរំដោះពួកគេអោយរួចពីគ្រោះថ្នាក់។
៨ ចូរពិសោធមើលដោយខ្លួនឯងចុះ
ដើម្បីអោយដឹងថាព្រះអម្ចាស់
មានព្រះហឫទ័យសប្បុរសដ៏លើសលប់!
អ្នកណាពឹងផ្អែកលើព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!។
៩ អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ
ចូរគោរពកោតខ្លាចព្រះអម្ចាស់
ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ
នឹងមិនខ្វះអ្វីឡើយ។
១០ អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លាន
ខ្វះខាតចំណីបរិភោគ
តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់
នឹងមិនខ្វះអ្វីសោះឡើយ។
១១ កូនចៅអើយចូរនាំគ្នាមក
ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក
អោយស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
១២ តើមាននរណាចង់បានអាយុវែង
និងរស់នៅប្រកបដោយសុភមង្គលឬទេ?
១៣ បើចង់បានត្រូវតែចេះទប់អណ្ដាត
កុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
១៤ ចូរងាកចេញពីអំពើអាក្រក់
ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត
យ៉ាងអស់ពីចិត្ត។
១៥ ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត
ហើយទ្រង់យកព្រះហឫទ័យ
ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។
១៦ ព្រះអម្ចាស់តែងតែប្រឆាំង
នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
ពេលពួកគេស្លាប់ទៅ
គ្មាននរណានឹកដល់ពួកគេទៀតទេ។
១៧ ពេលមនុស្សសុចរិតស្រែករកព្រះអង្គ
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយព្រះអង្គរំដោះគេ
អោយរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
១៨ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត
ហើយព្រះអង្គសង្គ្រោះអស់អ្នក
ដែលមានចិត្តសោកសង្រេង។
១៩ មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ
អោយរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
២០ ព្រះអង្គថែរក្សាគេអោយបានសុខសាន្ត
គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២១ អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល
ហើយអ្នកដែលស្អប់មនុស្សសុចរិត
តែងតែទទួលទោសជានិច្ច។
២២ ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបំរើរបស់ព្រះអង្គ
ហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ
តែងតែរួចផុតពីទុក្ខទោស។