៥០
ការថ្វាយបង្គំដ៏ពិតប្រាកដ
ទំនុករបស់លោកអេសាភ។
១ ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់
ទ្រង់មានព្រះបន្ទូលកោះហៅ
ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត
រហូតដល់ទិសខាងលិច
២ ព្រះជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន
ដែលជាក្រុងដ៏ល្អត្រចះត្រចង់។
៣ ព្រះនៃយើងទ្រង់យាងមកហើយ
ព្រះអង្គមិនសំងំនៅស្ងៀមឡើយ
មានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គ
ហើយជុំវិញព្រះអង្គ
មានខ្យល់បក់បោកយ៉ាងខ្លាំង។
៤ ព្រះអង្គកោះហៅផ្ទៃមេឃ
និងផែនដី អោយធ្វើជាសាក្សី
នៅពេលព្រះអង្គវិនិច្ឆ័យទោស
ប្រជារាស្ត្ររបស់ព្រះអង្គ
៥ ព្រះអង្គមានព្រះបន្ទូលថា៖
«ចូរប្រមូលពួកអ្នកជឿអោយមកជួបយើង
គឺអស់អ្នកដែលបានថ្វាយយញ្ញបូជា
ដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។
៦ ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ
ដ្បិតព្រះជាម្ចាស់ផ្ទាល់ទ្រង់ជាចៅក្រម។
- សំរាក
៧ «អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់យើងអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ!
អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។
យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
៨ យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា
និងតង្វាយដុតដែលអ្នករាល់គ្នាតែងតែ
យកមកថ្វាយយើងជាប្រក្រតីនោះទេ។
៩ យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នា
ឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ
១០ ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃ
សុទ្ធតែជារបស់យើង
ហើយសត្វរាប់ម៉ឺនរាប់សែនក្បាល
ដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។
១១ យើងស្គាល់បក្សាបក្សីទាំងប៉ុន្មាន
ដែលរស់នៅតាមភ្នំ
ហើយសត្វទាំងឡាយដែលរស់នៅតាមស្រែចំការ
ក៏ជារបស់យើងដែរ។
១២ ប្រសិនបើយើងឃ្លាន
យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ
ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង
ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
១៣ តើយើងដែលបរិភោគសាច់គោបាឬ?
តើយើងដែលផឹកឈាមពពែឈ្មោលឬ?
១៤ តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់
គឺពាក្យអរព្រះគុណ
ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា
ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
១៥ នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ
យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង
សិរីរុងរឿងរបស់យើង។
១៦ ព្រះជាម្ចាស់មានព្រះបន្ទូល
ទៅកាន់មនុស្សអាក្រក់ថា៖
ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ
ច្បាប់របស់យើង ហើយចេះតែទន្ទេញថា
បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
១៧ ក៏ប៉ុន្តែ អ្នកពុំព្រមអោយយើងប្រដែប្រដៅសោះ
ហើយក៏មិនព្រមទទួលយកពាក្យយើងដែរ។
១៨ ពេលណាអ្នកជួបចោរ អ្នកសេពគប់ជាមួយគេភ្លាម
ហើយអ្នកតែងតែចូលដៃ
ជាមួយជនផិតក្បត់ទៀតផង។
១៩ មាត់របស់អ្នកតែងស្រដីចេញ
នូវពាក្យអាក្រក់អាក្រី
ហើយអណ្ដាតអ្នកតែងគ្រលាស់
ចេញនូវពាក្យបោកប្រាស់។
២០ អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ច
ហើយអ្នកបរិហារកេរ្តិ៍បងប្អូនបង្កើតទៀតផង។
២១ អ្នកបានប្រព្រឹត្តអំពើទាំងនេះ
តើអោយយើងនៅស្ងៀមម្ដេចកើត?
អ្នកស្មានថាយើងដូចអ្នកដែរឬ?
ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ
អោយអ្នកឃើញកំហុស ទាំងនេះផ្ទាល់នឹងភ្នែក។
២២ អស់អ្នកដែលបំភ្លេចយើងអើយ
ចូររិះគិតអោយយល់សេចក្ដីនេះទៅ
ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា
ហើយគ្មាននរណាអាចរំដោះ
អ្នករាល់គ្នាបានឡើយ។
២៣ អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ
អរព្រះគុណទុកជាតង្វាយ
ហើយយើងនឹងសង្គ្រោះអស់អ្នក
ដែលដើរតាមមាគ៌ារបស់យើង»។