៥៨
ព្រះជាម្ចាស់ជាចៅក្រមនៅលើផែនដី
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។
១ ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី
តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?
តើអ្នករាល់គ្នាកាត់ក្ដីអោយមនុស្សលោក
ដោយយុត្តិធម៌ឬ?
២ ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា
ប្រព្រឹត្តអំពើទុច្ចរិតដោយចេតនា
អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ
រាលដាលនៅលើផែនដីនេះ។
៣ មនុស្សអាក្រក់មានចិត្តវៀចវេរតាំងពីក្នុងផ្ទៃម្ដាយ
ហើយចេះកុហក និងវង្វេង
តាំងពីទើបកើតមកម៉្លេះ។
៤ គេមានពិសដូចពស់វែក គេធ្វើថ្លង់
ធ្វើមិនដឹងមិនឮដូចសត្វពស់
៥ ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ
គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។
៦ ឱព្រះជាម្ចាស់អើយ
សូមកាច់បំបាក់ធ្មេញរបស់ពួកគេ!
ព្រះអម្ចាស់អើយ
សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
៧ សូមអោយអ្នកទាំងនោះរសាត់បាត់ទៅ
ដូចទឹកហូរឥតត្រឡប់
សូមអោយពួកគេបានរាបដូចជាស្មៅ
ដែលមនុស្សដើរជាន់។
៨ សូមអោយពួកគេប្រៀបដូចជាជន្លេន
ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ
សូមអោយពួកគេប្រៀបដូចជាកូនរលូត
ស្លាប់ទៅ ទាំងពុំឃើញពន្លឺ
៩ ព្រះជាម្ចាស់នឹងធ្វើអោយមនុស្ស
អាក្រក់វិនាសសូន្យទៅ
ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង
ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ
ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
១០ រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ
ដោយបានឃើញព្រះជាម្ចាស់
សងសឹកជំនួសពួកគេ
ហើយគេលាងជើងនៅក្នុងឈាម
របស់មនុស្សអាក្រក់។
១១ ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា:
ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់
ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គ
ជំនុំជំរះមនុស្សលោក។