៦៣
ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​គង់​នៅ​វាល​រហោស្ថាន​ស្រុក​យូដា​។
១ ឱ​ព្រះជាម្ចាស់​អើយ!
ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ទូលបង្គំ​មែន
ទូលបង្គំ​ស្វែង​រក​ព្រះអង្គ
ទូលបង្គំ​ចង់​នៅ​ក្បែរ​ព្រះអង្គ​ណាស់
ទូលបង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះអង្គ
ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក​។
២ ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ
ទូលបង្គំ​បាន​ឃើញ​ឫទ្ធានុភាព
និង​សិរីរុងរឿង​របស់​ព្រះអង្គ
៣ ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
ប្រសើរ​លើស​ជីវិត​ទៅ​ទៀត
ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង
សិរីរុងរឿង​ព្រះអង្គ។
៤ ទូលបង្គំ​នឹង​អរ​ព្រះគុណ​ព្រះអង្គ
អស់​មួយ​ជីវិត​ទូលបង្គំ​
ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង
ថ្វាយបង្គំ​ព្រះនាម​ព្រះអង្គ។
៥ ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខដុមរមនា
ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង
ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។
៦ ពេល​ទូលបង្គំ​ចូល​ដំណេក
ទូលបង្គំ​នឹក​ដល់​ព្រះអង្គ
ហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះអង្គ
៧ ដ្បិត​ព្រះអង្គ​ជួយ​ទូលបង្គំ
ទូលបង្គំ​ច្រៀង​យ៉ាង​សប្បាយ
ក្រោម​ម្លប់​បារមី​ព្រះអង្គ។
៨ ចិត្ត​គំនិត​ទូលបង្គំ
នៅ​ជាប់​ជំពាក់​នឹង​ព្រះអង្គ​ជានិច្ច
ព្រះអង្គ​គាំទ្រ​ទូលបង្គំ
ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ។
៩ រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ទូលបង្គំ
សូម​អោយ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។
១០ សូម​អោយ​គេ​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ
សូម​អោយ​គេ​បាន​ទៅ​ជា​ចំណី​របស់​ចចក។
១១ ពេល​នោះ ព្រះរាជា​នឹង​មាន​អំណរ
ដោយ​ព្រះនាម​ព្រះជាម្ចាស់
អ្នក​ណា​ស្បថ​ក្នុង​ព្រះនាម​ព្រះជាម្ចាស់
អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះអង្គ
រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក
នឹង​ត្រូវ​បាត់​មាត់​សូន្យឈឹង​ទៅ។