ភាគទីបី
៧៣
(ទំនុកតម្កើង ៧៣-៨៩)
សេចក្ដីសុចរិតតែងតែមានជ័យជំនះ
ទំនុកតម្កើងរបស់លោកអេសាភ។
១ ពិតមែនហើយ ព្រះជាម្ចាស់មាន
ព្រះហឫទ័យសប្បុរស
ចំពោះជនជាតិអ៊ីស្រាអែល
និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។
២ ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង
គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន
៣ ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន
ដោយឃើញជនពាលទាំងនោះបានចំរុងចំរើន។
៤ ក្នុងមួយជីវិតរបស់ពួកគេ
ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ
គេមានសាច់មានឈាម។
៥ គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ
ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។
៦ ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ
ហើយពាក់ចិត្តឃោរឃៅ
ដូចជាសំលៀកបំពាក់។
៧ គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ
គំនិតអប្រិយរបស់ពួកគេ
ក៏លេចចេញមកយ៉ាងច្បាស់ដែរ។
៨ គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់
ព្រមទាំងនិយាយក្ដែងៗ
ពីការសង្កត់សង្កិនអ្នកដទៃ។
៩ មាត់របស់គេពោលពាក្យប្រមាថព្រះជាម្ចាស់
ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់
នៅលើផែនដីឡើយ។
១០ ហេតុនេះសូម្បីតែប្រជារាស្ត្រ
របស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេ
ព្រមទាំងចូលចិត្តស្ដាប់ពាក្យសំដី
របស់ពួកគេដូចផឹកទឹក។
១១ គេពោលថាព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់
ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
១២ នេះហើយមនុស្សពាល!
ពួកគេបានសុខជានិច្ច ពួកគេបានចំរុងចំរើនរហូត!
១៣ រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធ
ហើយចៀសវាងប្រព្រឹត្តអំពើបាប
តែឥតបានផលអ្វីសោះ!
១៤ ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ
ទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។
១៥ ប្រសិនបើទូលបង្គំសំរេចចិត្តធ្វើដូចពួកគេដែរនោះ
ទូលបង្គំមុខជាក្បត់បងប្អូនរបស់ទូលបង្គំ
ដែលជាបុត្ររបស់ព្រះអង្គមិនខាន។
១៦ ទូលបង្គំខិតខំរិះគិតចង់យល់អំពីបញ្ហានេះ
ប៉ុន្តែ ពិបាកយល់ណាស់
១៧ រហូតទាល់តែទូលបង្គំចូលមកដល់
ទីសក្ការៈរបស់ព្រះជាម្ចាស់
ទើបទូលបង្គំយល់ថា ចុងបញ្ចប់របស់មនុស្ស
អាក្រក់ នឹងក្លាយទៅជាយ៉ាងណា។
១៨ តាមពិតព្រះអង្គបានដាក់ពួកគេ
នៅជំរាលមួយដ៏រអិល
ព្រះអង្គធ្វើអោយគេធ្លាក់ទៅក្នុងមហន្តរាយ
១៩ ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ
ពួកគេនឹងវិនាសបាត់បង់
ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅ
យ៉ាងរន្ធត់បំផុត។
២០ ព្រះអម្ចាស់អើយ ពេលព្រះអង្គតើនឡើង
ព្រះអង្គនឹងរំលាយពួកគេអោយវិនាសបាត់ទៅ
ដូចការយល់សប្ដិ។
២១ ពេលទូលបង្គំឆ្អែតចិត្ត
ហើយពេលទូលបង្គំឈឺចាប់ក្នុងឱរា
២២ នោះទូលបង្គំបែរទៅជាល្ងីល្ងើ
មិនយល់អ្វីទាំងអស់
ហើយទូលបង្គំក៏ដូចជាសត្វតិរច្ឆាន
នៅចំពោះព្រះភក្ត្រព្រះអង្គដែរ។
២៣ ប៉ុន្តែ ទូលបង្គំនៅជាមួយព្រះអង្គជានិច្ច
ព្រះអង្គកាន់ដៃស្ដាំរបស់ទូលបង្គំ
២៤ ព្រះអង្គដឹកនាំទូលបង្គំអោយដើរ
តាមព្រះហឫទ័យរបស់ព្រះអង្គ
ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ
នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។
២៥ នៅស្ថានបរមសុខទូលបង្គំគ្មានទីពឹងណា
ផ្សេងទៀត ក្រៅពីព្រះអង្គឡើយ
នៅលើផែនដី បើព្រះអង្គគង់នៅជាមួយទូលបង្គំ
ទូលបង្គំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។
២៦ រូបកាយ និងចិត្តគំនិត
របស់ទូលបង្គំទន់ខ្សោយទៅៗ
ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក
និងជាម្ចាស់ជីវិតទូលបង្គំរហូតតទៅ។
២៧ អស់អ្នកដែលងាកចេញឆ្ងាយ
ពីព្រះអង្គនឹងត្រូវអន្តរាយ
ហើយព្រះអង្គនឹងធ្វើអោយអស់អ្នក
ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។
២៨ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល
តែនៅពេលណាទូលបង្គំ
នៅជាមួយព្រះអង្គប៉ុណ្ណោះ
ឱព្រះជាអម្ចាស់អើយ
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ
ទាំងប៉ុន្មានរបស់ព្រះអង្គ។