៨៣
ឱព្រះជាម្ចាស់អើយ សូមកុំនៅសំងំស្ងៀមឡើយ!
ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់លោកអេសាភ។
១ ឱព្រះជាម្ចាស់អើយ
សូមកុំនៅសំងំស្ងៀមឡើយ!
ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់
ឥតកំរើកដូច្នេះ!
២ ដ្បិតខ្មាំងសត្រូវរបស់ព្រះអង្គ
កំពុងតែធ្វើសកម្មភាព
អស់អ្នកដែលស្អប់ព្រះអង្គ
កំពុងតែនាំគ្នាបះបោរ។
៣ ពួកគេរៀបចំគំរោងការប្រឆាំង
នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក
ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
៤ ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ
ជាតិសាសន៍នោះអោយរលាយសូន្យ
ដើម្បីកុំអោយនរណានឹកឃើញ
ឈ្មោះអ៊ីស្រាអែលទៀត!”។
៥ ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ
គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ
៦ គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែល
ជនជាតិម៉ូអាប់ ជនជាតិហាការេន
៧ ជនជាតិកេបាល ជនជាតិអាំម៉ូន
ជនជាតិអាម៉ាឡេក
ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
៨ ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ
គឺពួកគេបានចូលដៃជាមួយ
ពូជពង្សរបស់លោកឡុត។
- សំរាក
៩ សូមប្រព្រឹត្តចំពោះពួកគេ
ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន
លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន
នៅត្រង់ទឹកជ្រោះគីសូនដែរ!
១០ ព្រះអង្គបានប្រហារពួកគេ
អោយវិនាសនៅអេន-ដោរ
ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
១១ សូមដាក់ទោសអ្នកដឹកនាំរបស់គេ
ដូចព្រះអង្គបានដាក់ទោសស្ដេចអូរឹប
និងស្ដេចសៀប ហើយដាក់ទោសមេរបស់គេ
ដូចព្រះអង្គបានដាក់ទោសសេបា
និងសាល់មូណាដែរ
១២ ដ្បិតពួកគេបាននិយាយថា
“យើងនាំគ្នាវាយដណ្ដើមយក
ទឹកដីរបស់ព្រះជាម្ចាស់!”។
១៣ ឱព្រះនៃទូលបង្គំអើយ
សូមអោយពួកគេបានដូចធូលីដីដែលត្រូវខ្យល់កួច
ឬដូចចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
១៤ ភ្លើងឆាបឆេះព្រៃ
ឬអណ្ដាតភ្លើងឆាបឆេះភ្នំយ៉ាងណា
១៥ សូមប្រើខ្យល់ព្យុះរបស់ព្រះអង្គដេញតាមពួកគេ
និងប្រើព្យុះសង្ឃរារបស់ព្រះអង្គ
ធ្វើអោយពួកគេញ័ររន្ធត់យ៉ាងនោះដែរ។
១៦ ឱព្រះអម្ចាស់អើយ
សូមធ្វើអោយពួកគេអាម៉ាស់មុខ
ដើម្បីអោយគេស្វែងរកព្រះនាមរបស់ព្រះអង្គ។
១៧ សូមអោយពួកគេបាក់មុខ បាក់ស្បាតរហូតតទៅ
សូមអោយពួកគេងើបមុខមិនរួច
ហើយវិនាសសូន្យទៅ!
១៨ សូមអោយគេទទួលស្គាល់ថា
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះអម្ចាស់
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
នៅលើផែនដីទាំងមូល!។