២៩
តង្វាយសំរាប់ការសាងសង់ព្រះវិហារ
១ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូន ជាបុត្ររបស់ខ្ញុំតែម្នាក់គត់ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតព្រះដំណាក់ដែលយើងសង់នេះ មិនមែនសំរាប់មនុស្សទេ គឺថ្វាយព្រះជាអម្ចាស់។
២ ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាស សំរាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សំរាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសំរាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសំរាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសំរាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសំរាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
៣ មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សំរាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសំរាប់ព្រះដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងព្រះដំណាក់របស់ព្រះជាម្ចាស់ខ្លាំងណាស់
៤ គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សំរាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។
៥ ថ្ងៃនេះតើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីអោយពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាសអំពីប្រាក់?»។
៦ ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច នាំគ្នាស្ម័គ្រចិត្ត
៧ ថ្វាយជាតង្វាយសំរាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
៨ អស់អ្នកដែលមានត្បូងពេជ្រ ក៏បានយកទៅប្រគល់អោយលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។
៩ ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។
ពាក្យអធិស្ឋានរបស់ព្រះបាទដាវីឌ
១០ ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
១១ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមីតេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។
១២ ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចពង្រីក និងពង្រឹងអ្វីៗទាំងអស់អោយបានរឹងមាំ។
១៣ បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
១៤ តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។
១៥ នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
១៦ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុកសង់ព្រះដំណាក់ សំរាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។
១៧ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះ មកថ្វាយព្រះអង្គដោយចិត្តស្មោះ ហើយទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។
១៨ ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះព្រះអង្គជានិច្ចផង។
១៩ សូមប្រោសប្រទានអោយសាឡូម៉ូន ជាកូនរបស់ទូលបង្គំមានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជាដំបូន្មាន និងច្បាប់របស់ព្រះអង្គ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីអោយគេសង់ព្រះដំណាក់ដែលទូលបង្គំត្រៀមទុកនេះ»។
២០ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និងគោរពស្ដេច។
ព្រះបាទសាឡូម៉ូនឡើងគ្រងរាជ្យ
២១ លុះស្អែកឡើង ពួកគេនាំគ្នាថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចថ្វាយជាមួយ ព្រមទាំងយញ្ញបូជាយ៉ាងច្រើនទៀត សំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។
២២ នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្ដេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្ដេច អោយធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុកជាបូជាចារ្យ។
២៣ ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអម្ចាស់ ដើម្បីស្នងរាជសម្បត្តិរបស់ព្រះបាទដាវីឌជាបិតា ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រាអែលទាំងមូល ក៏នាំគ្នាស្ដាប់បង្គាប់ព្រះបាទសាឡូម៉ូន។
២៤ មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និងបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។
២៥ ព្រះអម្ចាស់លើកតម្កើងព្រះបាទសាឡូម៉ូនអោយកាន់តែឧត្ដុង្គឧត្ដម នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ហើយប្រោសប្រទានរាជ្យរបស់ស្ដេចបានថ្កុំថ្កើងលើសស្ដេចស្រុកអ៊ីស្រាអែលមុនៗ។
ព្រះបាទដាវីឌសោយទិវង្គត
២៦ ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
២៧ ស្ដេចសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
២៨ ព្រះបាទដាវីឌសោយទិវង្គតក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូនជាបុត្រ បានឡើងស្នងរាជ្យ តពីបិតា។
២៩ រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។
៣០ គេក៏រៀបរាប់អំពីរាជសម្បត្តិ និងវិរភាពដ៏អង់អាចរបស់ស្ដេច ព្រមទាំងហេតុការណ៍ផ្សេងៗ ដែលកើតមាននៅរជ្ជកាលរបស់ស្ដេចក្នុងស្រុកអ៊ីស្រាអែល និងក្នុងអាណាចក្រដទៃទៀត។