២៤
ព្រះបាទយ៉ូអាសជួសជុលព្រះវិហារ
(២ពង្សាវតារក្សត្រ ១២:១-១៧)
១ ព្រះបាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំពីរព្រះវស្សា ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
២ ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិតរបស់លោកបូជាចារ្យយេហូយ៉ាដា។
៣ លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។
៤ ក្រោយមក ព្រះបាទយ៉ូអាសមានបំណងជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។
៥ ស្ដេចកោះហៅក្រុមបូជាចារ្យ និងក្រុមលេវី អោយមកជួបជុំគ្នា ហើយមានរាជឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អស់លោក។ សូមសំរេចការនេះអោយបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះអោយបានរួសរាន់ទេ។
៦ ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារអោយក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់ បានបង្គាប់អោយសហគមន៍អ៊ីស្រាអែលយកមកថ្វាយសំរាប់ពន្លានៃសន្ធិសញ្ញា?
៧ ម្ចាស់ក្សត្រីយ៍អថាលាដ៏អប្រិយ និងបរិវាររបស់គាត់ បានបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅប្រើប្រាស់សំរាប់ព្រះបាល»។
៨ ពេលនោះ ព្រះរាជាអោយគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។
៩ គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម អោយប្រជាជនយកពន្ធដារមកថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអម្ចាស់ បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន។
១០ មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូល នាំគ្នាយកប្រាក់មកថ្វាយ ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។
១១ លុះដល់ពេលដែលត្រូវនាំហិប ទៅអោយក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមព្រះរាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងលោកអធិការអមមហាបូជាចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។
១២ ព្រះរាជា និងលោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅអោយពួកមេជាង ដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសំរាប់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ដែរ។
១៣ មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើអោយព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។
១៤ ក្រោយជួសជុលព្រះដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះរាជា និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានគ្រឿងបរិក្ខារសំរាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសំរាប់តង្វាយដុតទាំងមូល ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
ព្រះបាទយ៉ូអាសបោះបង់ចោលព្រះអម្ចាស់
១៥ លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចលោកទទួលមរណភាព ក្នុងជន្មាយុមួយរយសាមសិបឆ្នាំ។
១៦ គេបញ្ចុះសពលោកនៅបុរីព្រះបាទដាវីឌជាមួយស្ដេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រាអែល ចំពោះព្រះជាម្ចាស់ និងព្រះដំណាក់របស់ព្រះអង្គ។
១៧ ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដា នាំគ្នាមកក្រាបថ្វាយបង្គំព្រះរាជា ហើយព្រះរាជាទ្រង់ព្រះសណ្ដាប់ពួកគេ។
១៨ ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបំរើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្ដាលអោយព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។
១៩ ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេ អោយវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
២០ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជនហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសំរេចដែរ»។
២១ ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្ដេច។
២២ ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្ដីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសំដែងចំពោះស្ដេចទេ គឺស្ដេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់លោកសាការី ពោលថា៖ «សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។
ចុងបញ្ចប់នៃរជ្ជកាលព្រះបាទយ៉ូអាស
(២ពង្សាវតារក្សត្រ ១២:១៨-២២)
២៣ មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។
២៤ កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សំរាប់ដាក់ទោសព្រះបាទយ៉ូអាស។
២៥ បន្ទាប់មក កងទ័ពស៊ីរីចាកចេញទៅ ទុកអោយព្រះបាទយ៉ូអាសប្រឈួនជាទម្ងន់។ ពួករាជបំរើឃុបឃិតគ្នាប្រឆាំងនឹងស្ដេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតស្ដេចនៅក្នុងក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្ដេចឯទៀតៗទេ។
២៦ អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្ដេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។
២៧ រីឯចំនួនបុត្ររបស់ស្ដេច និងសេចក្ដីជាច្រើនដែលព្យាការីថ្លែងប្រឆាំងនឹងស្ដេច ព្រមទាំងកំណត់ហេតុស្ដីអំពីការជួសជុលព្រះដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ព្រះមហាក្សត្រ។ ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។