១០
ទេវតា​ប្រគល់​ក្រាំង​មួយ​តូច​អោយ​លោក​យ៉ូហាន
១ ខ្ញុំ​ឃើញ​ទេវតា*​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក*​ព័ទ្ធ​ជុំវិញ​ខ្លួន មាន​ឆព្វណ្ណរង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះអាទិត្យ ហើយ​ជើង​លោក​ដូច​សសរ​ភ្លើង។ ២ ដៃ​លោក​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ លោក​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។ ៣ លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ដូច​សឹង្ហ​គ្រហឹម ហើយ​ពេល​ទេវតា​នោះ​បន្លឺ​សំឡេង ផ្គរ​ទាំង​ប្រាំពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។ ៤ ពេល​ផ្គរលាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក​ស្រាប់​តែ​ឮ​សំឡេង​មួយ ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​អោយ​ជិត កុំ​សរសេរ​ទុក​ឡើយ»។ ៥ រីឯ​ទេវតា​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​លើ​មេឃ ៦  ហើយ​ស្បថ ក្នុង​ព្រះនាម​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប ជា​អង្វែង​ត​រៀង​ទៅ​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ទេវតា​នោះ​បាន​ពោល​យ៉ាង​ឱឡារិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ ៧ នៅ​គ្រា​ណា​ទេវតា​ទី​ប្រាំពីរ​បន្លឺ​សំឡេង​ឡើង គឺ​នៅ​ពេល​លោក​ចាប់​ផ្ដើម​ផ្លុំ​ត្រែ ព្រះជាម្ចាស់​នឹង​សំរេច​តាម​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ ដូច​ទ្រង់​បាន​ប្រទាន​ដំណឹងល្អ​ទុក​ជា​មុន តាម​រយៈ​ពួក​ព្យាការី*​ជា​អ្នក​បំរើ​របស់​ព្រះអង្គ»។
៨ បន្ទាប់​មក សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ ក៏​ពោល​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖ «សូម​អញ្ជើញ​ទៅ​យក​ក្រាំង​តូច​បើក​ស្រាប់ ក្នុង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។ ៩ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ទាំង​សុំ​អោយ​លោក​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​អោយ​អ្នក​ឈឺ​ពោះ​ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។ ១០  ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។ ១១ បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​សា​ជា​ថ្មី​ទៀត អំពី​ប្រជាជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។