៨
កូនចៀមបកត្រាទីប្រាំពីរ
១ ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង
២ ខ្ញុំក៏បានឃើញទេវតា*ប្រាំពីររូបដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។
៣ មានទេវតា*មួយរូបទៀតមកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។
៤ ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវតា ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។
៥ ទេវតាបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។
សំឡេងត្រែទាំងប្រាំមួយ
៦ ទេវតាទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរនោះប្រុងប្រៀបផ្លុំ។
៧ ទេវតាទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។
៨ ទេវតាទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំ ដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម
៩ សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។
១០ ទេវតាទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។
១១ ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលអោយមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។
១២ ទេវតាទីបួនផ្លុំត្រែឡើងស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ ធ្វើអោយងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។
១៣ ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។