២៩
ជនជាតិភីលីស្ទីនដេញលោកដាវីឌចេញពីកងទ័ពរបស់ពួកគេ
១ ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។
២ ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
៣ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបំរើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។
៤ ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះអោយវិលត្រឡប់ទៅក្រុង ដែលស្ដេចបានអោយគេស្នាក់នៅនោះវិញទៅ! មិនត្រូវអោយគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។
៥ គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា:
“ព្រះបាទសូលប្រហារបានរាប់ពាន់នាក់
រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។
៦ ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងអោយលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។
៧ ដូច្នេះ សូមលោកវិលត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ។ សូមអញ្ជើញទៅដោយសុខសាន្ត មិនត្រូវធ្វើអោយស្ដេចត្រាញ់ទាំងនោះទាស់ចិត្តឡើយ»។
៨ លោកដាវីឌទូលព្រះបាទអគីសថា៖ «បពិត្រព្រះករុណាជាអម្ចាស់ តើទូលបង្គំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលទូលបង្គំមកបំរើព្រះករុណា រហូតដល់ពេលនេះ តើទ្រង់ទតឃើញថា ទូលបង្គំមានកំហុសអ្វីខ្លះដែរ បានជាទូលបង្គំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ព្រះករុណាដូច្នេះ?»។
៩ ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសំរេចថា មិនអោយលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។
១០ ដូច្នេះ លោក និងទាហានរបស់ស្ដេចសូលដែលនៅជាមួយលោក ត្រូវក្រោកឡើងពីព្រលឹម ហើយនាំគ្នាចេញដំណើរទៅ នៅពេលថ្ងៃរះ»។
១១ ព្រឹកឡើងលោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោកក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។