៧
១ ម្ចាស់ក្សត្រីអើយ
អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់!
ចង្កេះរបស់អូនរាងមូល ដូចខ្សែក
ដែលជាស្នាដៃរបស់ជាងដ៏ចំណាន។
២ ផ្ចិតរបស់អូនមានរាងដូចពែង
ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។
ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។
៣ សុដន់ទាំងពីររបស់អូន ប្រៀបបាននឹងកូនភ្លោះ
របស់ប្រើស។
៤ ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។
ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន
ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម
ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់
ដែលបែរទៅរកក្រុងដាម៉ាស។
៥ ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន
ដូចភ្នំកើមែល។
សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។
ព្រះរាជា
គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។
៦ គូស្នេហ៍របស់បង ព្រលឹងមាសបងអើយ
អូនល្អស្អាត គួរអោយស្រឡាញ់ណាស់។
៧ រូបរាងរបស់អូនល្អស្អាតដូចដើមទន្លាប់
សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។
៨ បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះ
ដើម្បីបេះផ្លែរបស់វា។
សូមអោយសុដន់របស់អូនប្រៀបបាននឹង
ចង្កោមទំពាំងបាយជូរ
ហើយអោយដង្ហើមរបស់អូនសាយក្លិនក្រអូប
ដូចផ្លែចន្ទន៍។
៩ មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ
យ៉ាងឆ្ងាញ់!
មែនហើយ សូមអោយស្រាទំពាំងបាយជូរនេះ
ហូរមកសំរាប់ម្ចាស់ចិត្តអូន សូមអោយស្រាទំពាំងបាយជូរនេះ
ស្រក់លើបបូរមាត់ដែលកំពុងតែលង់លក់។
១០ ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំ
ហើយគាត់ចង់បានខ្ញុំណាស់។
១១ ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក
យើងទៅចំការជាមួយគ្នា
យប់នេះយើងសំរាកនៅតាមភូមិ។
១២ ព្រលឹមឡើងយើងទៅចំការទំពាំងបាយជូរ
ដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើង
ហើយចេញផ្កា
រួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។
នៅទីនោះអូននឹងប្រគល់ស្នេហាជូនបង។
១៣ ផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូប
នៅមាត់ទ្វាររបស់យើង មានផ្លែដ៏ល្អវិសេសគ្រប់មុខ
គឺទាំងផ្លែចាស់ និងផ្លែថ្មី។
ម្ចាស់ចិត្តអូនអើយ
អូនរក្សាផ្លែទាំងនោះទុកជូនបង។