លិខិតទីមួយរបស់លោកប៉ូលផ្ញើជូន
លោកធីម៉ូថេ
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង និងតាមបញ្ជារបស់ព្រះគ្រិស្ដយេស៊ូ ជាទីសង្ឃឹមនៃយើង
២ មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រទានព្រះគុណព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
ពាក្យដាស់តឿនអោយប្រយ័ត្ននឹងសេចក្ដីបង្រៀនក្លែងក្លាយ
៣ ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំអោយបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ
៤ ហើយក៏កុំអោយជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កអោយតែមានការជជែកវែកញែក ជាជាងគិតអំពីគំរោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់តាមជំនឿ។
៥ ហេតុដែលខ្ញុំអោយហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់អោយគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។
៦ អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសំដីឥតខ្លឹមសារ
៧ គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
៨ យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។
៩ យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សំរាប់មនុស្សសុចរិត*ទេ គឺសំរាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ
១០ ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ
១១ ស្របតាមដំណឹងល្អ ស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។
ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់
១២ ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ទ្រង់បានរាប់ខ្ញុំជាមនុស្សគួរអោយទុកចិត្ត ហើយតែងតាំងខ្ញុំអោយបំរើព្រះអង្គ។
១៣ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។
១៤ ប៉ុន្តែ ព្រះគុណរបស់ព្រះអម្ចាស់នៃយើងមានច្រើនពន់ប្រមាណ ទ្រង់ប្រោសអោយខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
១៥ ពាក្យនេះគួរអោយជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។
១៦ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីអោយព្រះគ្រិស្ដយេស៊ូសំដែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូក ដល់ខ្ញុំមុនគេ និងអោយខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។
១៧ សូមអោយព្រះមហាក្សត្រ
ដែលគង់នៅអស់កល្បជានិច្ច
ជាព្រះជាម្ចាស់តែមួយព្រះអង្គ
មានព្រះជន្មមិនចេះសាបសូន្យ
ដែលមនុស្សមើលពុំឃើញ
បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿង
អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
១៨ ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នកស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធអោយបានល្អប្រសើរ
១៩ ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលអោយជំនឿរបស់គេលិចលង់។
២០ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំង ដើម្បីអោយគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។