លិខិតទីពីររបស់លោកប៉ូលផ្ញើជូន
លោកធីម៉ូថេ
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះគ្រិស្ដយេស៊ូ ស្របតាមព្រះបន្ទូលសន្យា
២ មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
លោកប៉ូលអរព្រះគុណព្រះជាម្ចាស់ និងលើកទឹកចិត្តលោកធីម៉ូថេ
៣ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបំរើបន្តពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។
៤ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីអោយខ្ញុំបានពោរពេញដោយអំណរ។
៥ ខ្ញុំក៏នៅនឹកចាំពីជំនឿឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និងអ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
៦ ហេតុនេះហើយបានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ
៧ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានអោយយើងមានវិញ្ញាណដែលនាំអោយខ្លាចទេ គឺព្រះអង្គប្រទានអោយយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។
៨ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សំរាប់ដំណឹងល្អ* ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
៩ ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងអោយមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគំរោងការ និងស្របតាមព្រះគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
១០ ឥឡូវនេះ ព្រះអង្គបានសំដែងអោយយើងស្គាល់ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ។ ព្រះគ្រិស្ដបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងអោយស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។
១១ ព្រះជាម្ចាស់បានតែងតាំងខ្ញុំ អោយប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាគ្រូអប់រំ។
១២ ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ អោយបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
១៣ ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
១៤ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាអោយបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។
១៥ បងប្អូននៅស្រុកអាស៊ី បានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និងហ៊ើម៉ូគេនជាដើម ដូចអ្នកដឹងស្រាប់ហើយ។
១៦ សូមព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្តាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្តខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
១៧ មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំទាល់តែជួប។
១៨ សូមព្រះអម្ចាស់ប្រោសប្រទាន អោយគាត់បានទទួលព្រះហឫទ័យមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។