លិខិតរបស់លោកប៉ូលផ្ញើជូន
លោកទីតុស
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាអ្នកបំរើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ដ*។ ព្រះជាម្ចាស់ចាត់ខ្ញុំអោយនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសអោយមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។
២ អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។
៣ នៅពេលកំណត់ ព្រះអង្គបានសំដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកអោយខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។
៤ មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។
សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានអោយអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
កិច្ចការដែលលោកទីតុសត្រូវបំពេញនៅកោះក្រែត
៥ ខ្ញុំបានទុកអ្នកអោយនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ អោយមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ
៦ គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។
៧ ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាល ត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។
៨ ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ សុចរិត ចិត្តបរិសុទ្ធ* ចេះទប់ចិត្ត
៩ ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីអោយមានសមត្ថភាពដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។
១០ មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿមានចិត្តរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។
១១ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើអោយកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។
១២ មានម្នាក់ក្នុងចំណោមពួកគេដែលជាព្យាការី*របស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។
១៣ ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីអោយគេមានជំនឿត្រឹមត្រូវ
១៤ កុំអោយជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា និងជាប់ចិត្តទៅលើបទបញ្ជាផ្សេងៗរបស់ពួកអ្នកដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។
១៥ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មង និងមិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។
១៦ គេប្រកាសថា ខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរអោយស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អបានឡើយ។