(ព្យាការីសាការី)
សាការី
១
ព្រះអម្ចាស់ត្រាស់ហៅជនជាតិអ៊ីស្រាអែលអោយវិលមករកព្រះអង្គវិញ
១ នៅខែទីប្រាំបីក្នុងឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោដូចតទៅ:
២ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។
៣ ចូរប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
៤ កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៥ ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។
៦ ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងច្បាប់ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបំរើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសំរេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
និមិត្តហេតុអស្ចារ្យអំពីសេះ
៧ នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការីជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោដូចតទៅ:
៨ នៅពេលយប់ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោកមានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។
៩ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អ្នកទាំងនោះជានរណា?»។ ទេវតា*ដែលនិយាយជាមួយខ្ញុំពោលថា៖ «ខ្ញុំនឹងបង្ហាញអោយលោកដឹងថា អ្នកទាំងនោះជានរណា»។
១០ បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់ បានចាត់អោយធ្វើដំណើរឆ្លងកាត់ផែនដី»។
១១ អ្នកទាំងនោះពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។
១២ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និងសំរាលទុក្ខទេវតា*ដែលនិយាយជាមួយខ្ញុំ។
១៤ ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ:
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់
១៥ តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។
១៦ ហេតុនេះព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
១៧ ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសំរាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។
និមិត្តហេតុអស្ចារ្យអំពីស្នែងបួន និងជាងដែកបួននាក់
១៨ ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។
១៩ ខ្ញុំក៏សួរទេវតាដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវតាតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកំចាត់កំចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និងអ្នកក្រុងយេរូសាឡឹម»។
២០ បន្ទាប់មក ព្រះអម្ចាស់ប្រទានអោយខ្ញុំឃើញជាងដែកបួននាក់។
២១ ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកំចាត់កំចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមកដើម្បីបំភ័យ និងកំទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកំចាត់កំចាយប្រជាជន»។