១៣
ព្រះបន្ទូលព្រមានព្យាការីក្លែងក្លាយមួយចំនួន
១ នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជំរះអំពើបាប និងអំពើសៅហ្មងរបស់ព្រះញាតិវង្សព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹម។
២ «នៅថ្ងៃនោះយើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេអោយអស់ពីស្រុកដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
៣ ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។
៤ នៅថ្ងៃនោះព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។
៥ ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកស្រែចំការ ខ្ញុំភ្ជួររាស់ដីដែលគេអោយខ្ញុំទិញតាំងពីក្មេងមក”។
៦ ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលគេឆូតសាច់ខ្ញុំ ក្នុងវិហាររបស់ព្រះនានាដែលស្រឡាញ់ខ្ញុំ”»។
ដាវប្រហារមេដឹកនាំ
៧ «ដាវអើយ ចូរភ្ញាក់ឡើងប្រហារគង្វាលដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
៨ ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជាជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេសសល់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
៩ យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។