៥
និមិត្តហេតុអស្ចារ្យអំពីក្រាំង និងហិប
១ ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញក្រាំងមួយកំពុងហោះ។
២ ទេវតាសួរខ្ញុំថា «តើអ្នកឃើញអ្វី?»។ ខ្ញុំតបថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ»។ ក្រាំងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ។
៣ ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។
៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងអោយបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពានក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើអោយផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។
៥ ទេវតាដែលសន្ទនាជាមួយខ្ញុំ បានខិតចូលមកជិតខ្ញុំ ប្រាប់ថា៖ «ចូរងើយសម្លឹងមើលទៅវត្ថុដែលកំពុងតែចេញមកនោះ!»។
៦ ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ទេវតាឆ្លើយថា៖ «វត្ថុចេញមកនោះ គឺហិបដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្សនៅក្នុងស្រុកទាំងមូល»។
៧ ពេលគំរបសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។
៨ ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគំរបស្ពាន់បិទពីលើ។
៩ ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើងផុតពីដី។
១០ ខ្ញុំសួរទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។
១១ ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរសំរាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។