៥
១ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យដែលអញតាំងឡើងនេះ ទុកសំរាប់ទំនួញពីឯងរាល់គ្នាចុះ
២ នាងព្រហ្មចារី គឺនគរអ៊ីស្រាអែល បានដួលចុះហើយនឹងក្រោកឡើងវិញមិនបានឡើយ នាងដេកត្រមោចនៅលើដីខ្លួន គ្មានអ្នកណានឹងលើកឡើងវិញសោះ
៣ ដ្បិតព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទីក្រុងណាដែលលើកទ័ព១ពាន់ចេញទៅ នោះនឹងសល់តែ១រយវិញ ហើយទីក្រុងដែលមាន១រយចេញទៅ នោះនឹងសល់នៅតែ១០ដល់ពួកវង្សអ៊ីស្រាអែលទេ។
៤ ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់ពួកវង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ
៥ កុំឲ្យរកដល់បេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឲ្យរំលងទៅដល់បៀរ-សេបាដែរ ពីព្រោះគីលកាលនឹងត្រូវទៅជាឈ្លើយពិត ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ
៦ ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ ក្រែងទ្រង់កត់ឆេះឡើង ដូចជាភ្លើងនៅក្នុងវង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល ដែលអាចនឹងពន្លត់បានឡើយ
៧ ម្នាលឯងរាល់គ្នាដែលបំផ្លាស់បំប្រែសេចក្តីយុត្តិធម៌ ឲ្យទៅជាស្នែប ហើយបោះសេចក្តីសុចរិតចុះដល់ដី
៨ ចូរស្វែងរកព្រះដែលទ្រង់បានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យម្លប់នៃសេចក្តីស្លាប់ប្រែទៅជាព្រលឹមស្រាង ហើយឲ្យថ្ងៃត្រឡប់ទៅជាយប់វិញ ព្រមទាំងហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី ព្រះនាមទ្រង់ គឺព្រះយេហូវ៉ា
៩ ទ្រង់នាំការបំផ្លាញមកលើមនុស្សខ្លាំងពូកែភ្លាម១រំពេច ដល់ម៉្លេះបានជាទាំងបន្ទាយក៏ត្រូវបំផ្លាញផង។
១០ គេរមែងស្អប់អ្នក ដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយក៏តែងតែខ្ពើមអ្នក ដែលពោលសេចក្តីទៀងទ្រង់ផង
១១ ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញីពួកក្រ ហើយរឹបយក ស្រូវពីគេបានជាឯងរាល់គ្នា នឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុងផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ
១២ ដ្បិតអញដឹងហើយថា អំពើរំលងរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាក៏មានទំងន់ពេកផង គឺឯងរាល់គ្នាហើយ ជាពួកអ្នកដែលបៀតបៀនមនុស្សសុចរិត ហើយស៊ីសំណូក ព្រមទាំងបង្វែរមនុស្សកំសត់ទុគ៌តមិនឲ្យបានសំរេចតាមអំណាចច្បាប់
១៣ ហេតុនោះ មនុស្សដែលមានគំនិតវាងវៃ នឹងស្ងៀមនៅ ក្នុងគ្រាយ៉ាងនេះ ដ្បិតជាគ្រាអាក្រក់ហើយ។
១៤ ចូរស្វែងរកសេចក្តីល្អ កុំរកសេចក្តីអាក្រក់ឡើយ ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅ យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិតដូចឯងធ្លាប់ថាហើយ
១៥ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្តីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។
១៦ ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងផ្លូវធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងថា វរហើយ វរហើយ គេនឹងហៅពួកអ្នកស្រែចំការឲ្យមកសោយសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញមកទ្រហោយំ
១៧ នៅគ្រប់ទាំងចំការទំពាំងបាយជូរ គេនឹងទ្រហោយំដែរ ដ្បិតអញនឹងដើរកាត់កណ្តាលឯងរាល់គ្នា នោះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
១៨ វេទនាដល់ឯងរាល់គ្នា ដែលសង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា តើចង់បានថ្ងៃនៃព្រះយេហូវ៉ាធ្វើអី ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ
១៩ ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក
២០ ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។
២១ អញស្អប់ អញខ្ពើមបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នា ហើយអញនឹងមិនរីករាយចំពោះជំនុំមុតមាំរបស់ឯងរាល់គ្នាទេ
២២ អើ ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជានឹងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗ ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ
២៣ ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្តាប់សូរដន្ត្រីនៃពិណរបស់ឯងទេ
២៤ តែត្រូវឲ្យមានសេចក្តីយុត្តិធម៌ហូរដូចទឹក ហើយសេចក្តីសុចរិតដូចជាទន្លេធំវិញ។
២៥ ឱពួកវង្សអ៊ីស្រាអែលអើយ ឯយញ្ញបូជា និងដង្វាយម្សៅ ដែលឯងរាល់គ្នាបានថ្វាយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំនោះ តើបានថ្វាយដល់អញពិតឬ
២៦ អើឯងរាល់គ្នាបានលីសែង បារាំនៃម៉ូឡុក ជាព្រះរបស់ឯង និងគីឃុន ជារូបព្រះរបស់ឯង ព្រមទាំងផ្កាយរបស់ព្រះដែលឯងរាល់គ្នាបាន ធ្វើសំរាប់ខ្លួនវិញ
២៧ ដូច្នេះ ព្រះយេហូវ៉ាដែលទ្រង់ព្រះនាមជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នាត្រូវទៅជាឈ្លើយខាងនាយក្រុងដាម៉ាស។