៦
១ វេទនាដល់ពួកអ្នក ដែលនៅជាឥតកង្វល់ ក្នុងក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកដែលនៅ ដោយសុខសាន្តលើភ្នំសាម៉ារីផង គឺជាពួកប្រធានក្នុងពួកអ្នកមុខនៃអស់ទាំងសាសន៍ ដែលពួកវង្សអ៊ីស្រាអែលបានមកដល់គេ
២ ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ
៣ ឯងរាល់គ្នាគិតបន្ថយថ្ងៃអាក្រក់ឲ្យឆ្ងាយចេញ ហើយបង្ខិតទីស្តីការនៃសេចក្តីច្រឡោត ឲ្យចូលមកជិតវិញ
៤ ក៏ដេកលើគ្រែភ្លុក ហើយមិនពត់ខ្លួននៅលើដំណេក ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ និងកូនគោដែលបង្ខាំងទុក
៥ ជាអ្នកដែលច្រៀងឡែរឡតាមពិណ ហើយបង្កើតគ្រឿងភ្លេងសំរាប់ខ្លួនដូចដាវីឌ
៦ ក៏ផឹកស្រាទំពាំងបាយជូរដោយចានគោម ហើយបំព្រំខ្លួនដោយប្រេងយ៉ាងវិសេស តែឥតមានចិត្តព្រួយចំពោះការវេទនារបស់យ៉ូសែបទេ។
៧ ដូច្នេះ ពួកអ្នកទាំងនោះនឹងត្រូវចាប់នាំទៅជាឈ្លើយ ជាមួយនឹងពួកអ្នកដែលទៅជាឈ្លើយ មុនដំបូង នោះការលេងសប្បាយរបស់ពួកអ្នក ដែលមិនពត់ខ្លួន នឹងសូន្យបាត់ទៅ
៨ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានស្បថដោយអង្គទ្រង់ថា អញខ្ពើមសេចក្តីមានៈរបស់យ៉ាកុប ក៏ស្អប់ដំណាក់ទាំងប៉ុន្មានរបស់គេដែរ ដូច្នេះ អញនឹងប្រគល់ទាំងទីក្រុងនឹងរបស់ទាំងអស់ ដែលនៅក្នុងទីនេះទៅផង
៩ គ្រានោះបើសិនជាមានមនុស្ស១០នាក់សល់នៅក្នុងផ្ទះ១ គេនឹងត្រូវស្លាប់ទាំងអស់ទៅ
១០ ហើយកាលណាញាតិសន្តានជិតដិត ដែលគេបានតម្រូវឲ្យដុតខ្មោចបានលើកសពគេ នាំចេញឲ្យផុតពីផ្ទះទៅ រួចសួរដល់អ្នកណាដែលនៅខាងក្នុងថា តើមានសល់នៅទៀតជាមួយនឹងឯងឬទេ អ្នកនោះនឹងឆ្លើយថា ឥតមានទេ នោះគេនឹងហាមថា កុំមាត់ឡើយ ដ្បិតយើងគ្មានច្បាប់នឹងចេញព្រះនាមនៃព្រះយេហូវ៉ាទេ
១១ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់ចេញបង្គាប់វេលាណា នោះផ្ទះធំនឹងត្រូវវាយឲ្យប្រេះឆា ហើយផ្ទះតូចផង ឲ្យត្រូវបែកបាក់។
១២ ម្នាល ឯងរាល់គ្នា ដែលរីករាយ ក្នុងសេចក្តីសោះសូន្យ ឯងថា យើងបានអំណាចឡើង ដោយសារកំឡាំងរបស់ខ្លួនយើងទេតើ
១៣ ចុះសេះនឹងបោលនៅលើថ្មដែរឬ តើមនុស្សនឹងភ្ជួរនៅទីនោះដោយគោឬ បានជាឯងរាល់គ្នាបានបំផ្លាស់បំប្រែសេចក្តីយុត្តិធម៌ឲ្យទៅជាពិស ហើយឲ្យផលនៃសេចក្តីសុចរិត បានប្រែត្រឡប់ជាស្លែងវិញដូច្នេះ
១៤ ដ្បិតមើល ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែល អញនឹងញ៉ាំងសាសន៍១ឲ្យមកទាស់នឹងឯង គេនឹងធ្វើទុក្ខឯងរាល់គ្នាចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៅស្រុកវាល។