៣៤
លោកម៉ូសេទទួលមរណភាព
១ នោះម៉ូសេក៏ឡើងពីស្រុកវាលរបស់ម៉ូអាប់ទៅលើភ្នំនេបូរ គឺដល់កំពូលភ្នំពីសកា ដែលទល់មុខនឹងយេរីខូរ រួចព្រះយេហូវ៉ាទ្រង់ក៏បង្ហាញ ឲ្យលោកឃើញស្រុកកាឡាតទាំងអស់ រហូតដល់ស្រុកដាន់
២ ហើយស្រុកណែបថាលី ស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេហើយនឹងស្រុកយូដាទាំងអស់ រហូតដល់សមុទ្រខាងលិច
៣ ព្រមទាំងស្រុកខាងត្បូង និងវាលនៅច្រកភ្នំយេរីខូរ ហើយទីក្រុងលម៉ើ រហូតដល់សូអារ
៤ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ
៥ ដូច្នេះម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
៦ ហើយទ្រង់ក៏បញ្ចុះសពនៅក្នុងច្រកភ្នំ១ នាស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរទៅ តែលុះមកដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងជាផ្នូរលោកនៅឯណាឡើយ
៧ កាលម៉ូសេស្លាប់ទៅនោះបានអាយុ១២០ឆ្នាំហើយ តែភ្នែកលោកមិនខ្សោយហើយកំឡាំងមិនបានអន់សោះ
៨ ពួកកូនចៅអ៊ីស្រាអែលបានយំសោកនឹងម៉ូសេអស់៣០ថ្ងៃ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ រួចវេលាកាន់ទុក្ខនឹងម៉ូសេក៏កន្លងផុតទៅ។
៩ ឯយ៉ូស្វេ ជាកូននុន លោកមានចិត្តពេញដោយប្រាជ្ញា ពីព្រោះម៉ូសេបានដាក់ដៃលើលោក។ ហើយពួកកូនចៅអ៊ីស្រាអែលក៏ស្តាប់តាម ព្រមទាំងធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ
១០ មិនដែលកើតមានហោរាណាមួយ ក្នុងពួកអ៊ីស្រាអែលឲ្យដូចជាម៉ូសេ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ប្រទល់មុខដូច្នេះឡើយ។
១១ គឺដោយអស់ទាំងទីសំគាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានចាត់ប្រើលោក ឲ្យធ្វើនៅស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន និងពួកមហាតលិកទ្រង់ ហើយនឹងស្រុកទ្រង់ទាំងមូល
១២ ហើយដោយព្រះហស្តដ៏មានព្រះចេស្តា និងការស្ញែងខ្លាចយ៉ាងធំ ដែលលោកបានធ្វើនៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលផង។:៚