យ៉ូស្វេ
ការដណ្តើមយកស្រុកកាណាន
១
យ៉ូស្វេបន្តមុខងារពីម៉ូសេ
១ រីឯក្រោយដែលម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា
២ ម៉ូសេ ជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល
៣ អស់ទាំងទីកន្លែងណា ដែលឯងដាក់ជើងជាន់ នោះអញនឹងឲ្យដល់ឯងរាល់គ្នា ដូចជាអញបានប្រាប់ម៉ូសេហើយ
៤ ឯព្រំប្រទល់របស់ឯងរាល់គ្នា នោះត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំគឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ។
៥ នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ
៦ ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ
៧ ឲ្យឯងគ្រាន់តែមានកំឡាំង និងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណា ដែលឯងទៅនោះ
៨ កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង
៩ តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
ការរៀបចំ មុននឹងឆ្លងទន្លេយ័រដាន់
១០ នោះយ៉ូស្វេក៏បង្គាប់ដល់ពួកអ្នក ដែលជានាយកលើបណ្តាជនថា
១១ ចូរទៅឯកណ្តាលទីដំឡើងត្រសាលប្រកាសប្រាប់បណ្តាជនទាំងឡាយថា ចូរឲ្យត្រៀមស្បៀងអាហារទៅ ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យហើយ។
១២ យ៉ូស្វេក៏ប្រាប់ដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងថា
១៣ ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកឯងរាល់គ្នាថា គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សំរាក ទ្រង់នឹងប្រទានស្រុកនេះដល់ឯងដែរ
១៤ ឯប្រពន្ធកូនរបស់ឯងរាល់គ្នា និងហ្វូងសត្វទាំងប៉ុន្មាន នោះត្រូវនៅក្នុងស្រុកនេះ ដែលលោកម៉ូសេបានឲ្យដល់ឯងហើយ គឺខាងកើតទន្លេយ័រដាន់នេះចុះ តែឯឯងរាល់គ្នាដែលជាមនុស្សខ្លាំងពូកែស្ទាត់ជំនាញ ត្រូវឲ្យឆ្លងនាំមុខពួកបងប្អូនឯងទៅទាំងពាក់គ្រឿងសស្ត្រាវុធ ដើម្បីនឹងជួយបងប្អូនឯង
១៥ ទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យគេឈប់សំរាក ដូចជាឯងដែរ ហើយគេបានចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុក ដែលជាកេរអាកររបស់ឯងវិញ ដើម្បីនឹងចាប់យកស្រុក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានឲ្យមកឯង នៅត្រើយទន្លេយ័រដាន់ខាងកើតនេះ
១៦ គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្តី ដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង
១៧ យើងរាល់គ្នានឹងស្តាប់តាមលោក ក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់ម៉ូសេដែរ ឲ្យតែព្រះយេហូវ៉ា ជាព្រះនៃលោក បានគង់ជាមួយនឹងលោក ដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ
១៨ ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យ ដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកំឡាំងហើយចិត្តក្លាហានចុះ។