១០
១ អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្របទ្រល់ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចំរើនអាសនារបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានឮយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ
២ ចិត្តគេចែកជាពីរហើយ គេនឹងត្រូវឃើញថាមានទោសឥឡូវ ទ្រង់នឹងវាយអស់ទាំងអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេបង់
៣ ឥឡូវនេះ ពិតប្រាកដជាគេនឹងពោលថា យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា តែបើមានស្តេចវិញ តើនឹងមានប្រយោជន៍អ្វីដល់យើង។
៤ គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះមានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចំការ
៥ ឯពួកអ្នកនៅក្រុងសាម៉ារីគេនឹងភ័យស្លុតពីដំណើររូបកូនគោដែលនៅបេត-អាវេន ដ្បិតពួកជនទាំងឡាយនឹងសោយរាជ្យព្រោះរូបនោះ ព្រមទាំងពួកសង្ឃដែលបានយករូបនោះជាទីរីករាយចិត្តផង ពីព្រោះសិរីល្អរបស់រូបនោះបានបាត់ទៅហើយ
៦ គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាដង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្តីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្តីប្រឹក្សារបស់ខ្លួន
៧ ចំណែកក្រុងសាម៉ារី ស្តេចគេបានសូន្យបាត់ដូចជាពពុះនៅលើទឹក
៨ ឯទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេនគឺជាអំពើបាបរបស់ពួកអ៊ីស្រាអែល នោះនឹងត្រូវបំផ្លាញហើយមានបន្លា និងអញ្ចាញដុះឡើង នៅលើអាសនារបស់គេ ហើយគេនឹងនិយាយដល់ភ្នំធំទាំងប៉ុន្មានថា ចូរគ្របបាំងយើងរាល់គ្នាចុះ ហើយដល់ភ្នំតូចទាំងប៉ុន្មានថា ចូរធ្លាក់មកលើយើងចុះ។
៩ ឱអ៊ីស្រាអែលអើយ ឯងបានប្រព្រឹត្តអំពើបាបចាប់តាំងពីគ្រាក្រុងគីបៀររៀងមក នៅទីនោះគេបានឈរនឹងនៅ នៅត្រង់គីបៀរនោះ ចំបាំងទាស់នឹងមនុស្សទុច្ចរិតមិនទាន់មកលើគេនៅឡើយ
១០ កាលណាអញពេញចិត្តនោះអញនឹងវាយផ្ចាលគេ ហើយជនទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ ក្នុងកាលដែលគេបានទឹមនឹមជាមួយនឹងអំពើបាបរបស់គេទាំង២នោះ
១១ អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។
១២ ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្តីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្តីសុចរិតមកលើឯងរាល់គ្នា
១៣ ឯងរាល់គ្នា បានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្តីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង
១៤ ហេតុនោះនឹងមានការជ្រួលជ្រើមកើតឡើងក្នុងជនជាតិឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ ដូចជាស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល ក្នុងថ្ងៃ ចំបាំង នៅគ្រានោះទាំងម្តាយនឹងកូនផង ក៏ត្រូវបោកខ្ទេចខ្ទីជាមួយគ្នា
១៥ ឯបេត-អែល និងនាំឲ្យឯងបានដូច្នោះដែរ ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់ឯង គឺនៅពេលព្រលឹមស្រាងនោះស្តេចអ៊ីស្រាអែលនឹងត្រូវផ្តាច់ចេញអស់ទៅ។