១១
១ ក្នុងគ្រានោះដែលអ៊ីស្រាអែលនៅក្មេងនៅឡើយនោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក
២ ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណានោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបធ្លាក់ផង
៣ ប៉ុន្តែគឺអញដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរក៏បានបីគេ តែគេមិនបានដឹងថា គឺអញដែលមើលគេឲ្យជាទេ
៤ អញបានទាញនាំគេដោយខ្សែជាសេចក្តីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្តីស្រឡាញ់ អញបានធ្វើដល់គេ ដូចជាអ្នកដែលលើកបង្ហើបនឹម នៅកគោហើយដាក់ស្មៅនៅមុខវា។
៥ គេនឹងមិនវិលទៅឯស្រុកអេស៊ីព្ទវិញឡើយ គឺអ្នកស្រុកអាសស៊ើរនឹងធ្វើជាស្តេចលើគេ ពីព្រោះគេមិនព្រមត្រឡប់មកឯអញទេ
៦ ដូច្នេះ ដាវនឹងធ្លាក់មកលើទីក្រុងរបស់គេ ព្រមទាំងបំផ្លាញអ្នកដ៏ជាកំពូលអស់ទៅ ហើយលេបពួកគេបាត់ផង ដោយព្រោះការប្រឹក្សារបស់ខ្លួនគេ
៧ រាស្ត្ររបស់អញ គេតែងតែថយចេញពីអញ ទោះបើមានអ្នកណាហៅគេមកឯព្រះដ៏ខ្ពស់បំផុតក៏ដោយ គង់តែឥតមានអ្នកណាមួយព្រមដំកើងទ្រង់ឡើយ។
៨ ឱអេប្រាអិមអើយ ធ្វើដូចម្តេចឲ្យអញចោលឯងបាន ឱអ៊ីស្រាអែលអើយ ធ្វើដូចម្តេចឲ្យអញលះបង់ឯងបាន អញនឹងធ្វើដល់ឯង ដូចជាបានធ្វើដល់ក្រុងអាត់ម៉ាយ៉ាងណាបាន ឬប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងសេបោដូចម្តេចបាន ចិត្តរបស់អញបានប្រែប្រួលនៅក្នុងខ្លួន សេចក្តីអាណិតអាសូររបស់អញបានរំជួលឡើងជាមួយគ្នា
៩ អញនឹងមិនសំរេចតាមសេចក្តីកំហឹងដ៏សហ័សរបស់អញទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតអញនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្តាលឯងរាល់គ្នា អញនឹងមិនមកដោយសេចក្តីក្រោធឡើយ
១០ គេនឹងដើរជាប់តាមព្រះយេហូវ៉ា ទ្រង់នឹងបញ្ចេញព្រះសូរសៀងដូចជាសិង្ហ កាលណាទ្រង់បញ្ចេញព្រះសូរសៀង នោះពួកកូននឹងរត់មកពីទិសខាងលិចទាំងញាប់ញ័រ
១១ គេនឹងមកទាំងញាប់ញ័រដូចជាសត្វហើរមកពីស្រុកអេស៊ីព្ទ ហើយមកពីស្រុកអាសស៊ើរដូចជាព្រាបនោះអញនឹងឲ្យគេអាស្រ័យនៅក្នុងផ្ទះរបស់ខ្លួន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។