១២
១ អេប្រាអិមតែងឡោមព័ទ្ធអញ ដោយសេចក្តីភូតភរ ហើយពួកវង្សអ៊ីស្រាអែល ដោយសេចក្តីឆរបោកដែរ ឯយូដា គេនៅតែមានអំណាចចំពោះព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធដែរ
២ អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ទទេ ក៏ដេញតាមខ្យល់ពីទិសខាងកើត គេចំរើនសេចក្តីភូតភរនឹងការខូចបង់ជានិច្ច គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ
៣ ព្រះយេហូវ៉ាទ្រង់មានរឿងនឹងយូដាដែរ ក៏នឹងធ្វើទោសដល់យ៉ាកុបតាមអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង
៤ កាលនៅក្នុងផ្ទៃនៅឡើយ នោះយ៉ាកុបបានចាប់កែងជើងរបស់បង លុះកាលមានវិន័យពេញកំឡាំងហើយ នោះក៏មានអំណាចនៅចំពោះព្រះដែរ
៥ អើ ក៏មានអំណាចលើទេវតា ហើយលោកបានឈ្នះផងលោកបានយំ ហើយអង្វរដល់ទ្រង់ ក៏ប្រទះឃើញនៅត្រង់បេត-អែល នៅទីនោះទ្រង់ក៏មានព្រះបន្ទូលមកយើងរាល់គ្នា
៦ គឺព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ «យេហូវ៉ា»នេះ ជានាមដ៏ជាទីរំឭកពីទ្រង់
៧ ដូច្នេះ ចូរវិលមកឯព្រះនៃឯងវិញចុះ ចូរកាន់តាមសេចក្តីសប្បុរស និងសេចក្តីយុត្តិធម៌ ព្រមទាំងរង់ចាំព្រះនៃឯងជានិច្ចផង។
៨ ពួកឈ្នួញទេតើហ្ន៎ មានជញ្ជីងមិនត្រឹមត្រូវកាន់នៅដៃ ក៏ចូលចិត្តនឹងការកេងបំបាត់ផង
៩ អេប្រាអិមពោលថា អញបានត្រឡប់ជាអ្នកមានស្តុកស្តម្ភ អញរកបានទ្រព្យសម្បត្តិយ៉ាងច្រើន តែក្នុងការទាំងប៉ុន្មានរបស់អញនោះនឹងឥតមានអ្នកណាឃើញអំពើទុច្ចរិត ឬអំពើបាបណាឡើយ
១០ ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្តងទៀត ដូចនៅគ្រាបុណ្យមុតមាំ
១១ អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្តែងឡើង ក៏បានប្រើសេចក្តីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ
១២ ឯស្រុកកាឡាតគេអាក្រក់ទទេ ក៏សុទ្ធតែឥតប្រយោជន៍ទាំងអស់ នៅត្រង់គីលកាល គេថ្វាយគោជាយញ្ញបូជា អស់ទាំងអាសនារបស់គេ ប្រៀបដូចជាដុំដី នៅក្នុងគន្លងស្រែចំការ
១៣ ចំណែកឯយ៉ាកុបលោកបានរត់ទៅដល់ស្រុកអើរ៉ាម អ៊ីស្រាអែលបានបំរើគេ ឲ្យបានប្រពន្ធ គឺបានធ្វើជាអ្នកគង្វាលឃ្វាលហ្វូងចៀមឲ្យបានប្រពន្ធនោះ
១៤ ហើយដោយសារហោរាម្នាក់ នោះព្រះយេហូវ៉ាទ្រង់បាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទ ព្រមទាំងការពារ ដោយសារហោរាដែរ
១៥ តែអេប្រាអិមបានបណ្តាល ឲ្យមានសេចក្តីខ្ញាល់យ៉ាងគ្រោតគ្រាត ហេតុនោះឈាមរបស់គេ និងនៅជាប់លើខ្លួនគេហើយព្រះអម្ចាស់ ទ្រង់នឹងតបស្នងសេចក្តីដំនៀលរបស់គេទៅលើគេវិញ។