៤៨
ព្រះអម្ចាស់មានអំណាចលើព្រឹត្តិការណ៍ទាំងអស់
១ ចូរស្តាប់សេចក្តីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ
២ (ពីព្រោះគេហៅខ្លួន ជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះនាមទ្រង់ ជាព្រះយេហូវ៉ានៃ ពួកពលបរិវារ)
៣ ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះអញបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ អើ សេចក្តីនោះបានចេញពីមាត់អញទៅ ហើយអញបានសំដែងច្បាស់ ឯការទាំងនោះ អញបានធ្វើភ្លាម១រំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ
៤ ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន
៥ ហេតុនោះបានជាអញថ្លែងប្រាប់សេចក្តីនោះដល់ឯងតាំងពីបុរាណ ហើយបានបង្ហាញឲ្យឯងដឹងមុនដែលការនោះកើតមកផង ក្រែងឯងនិយាយថា គឺជារូបព្រះរបស់ឯងដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់ឯង ដែលបង្គាប់ការនោះឡើង
៦ ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង
៧ ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ
៨ អើ ឯងមិនបានឮសោះ អើ មិនបានដឹងផង អើ តាំងពីបុរាណមកត្រចៀកឯងមិនទាន់បានបើកឡើងនៅឡើយ ដ្បិតអញបានដឹងថា ឯងនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក
៩ ប៉ុន្តែ អញនឹងផ្អាកសេចក្តីកំហឹងដោយយល់ដល់ឈ្មោះអញ និងដោយយល់ដល់សេចក្តីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ
១០ មើល អញបានសំរងឯងតែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅឡនៃសេចក្តីវេទនាវិញ
១១ អញ នឹងធ្វើការនោះ ដោយយល់ដល់ខ្លួនអញ គឺដោយយល់ដល់ខ្លួនអញហើយ ដ្បិតធ្វើដូចម្តេចឲ្យឈ្មោះអញត្រូវបង្អាប់បាន ឯសិរីល្អរបស់អញៗមិនព្រមលើកឲ្យទៅអ្នកដទៃឡើយ។
១២ ឱពួកយ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលអញបានហៅអើយ ចូរស្តាប់អញចុះ គឺអញនេះហើយ អញជាដើម ហើយជាចុងដែរ
១៣ អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា
១៤ ចូរឲ្យឯងរាល់គ្នាប្រជុំទាំងអស់ ហើយស្តាប់ចុះ ក្នុងពួកគេតើមានអ្នកណាដែលថ្លែងប្រាប់ពីការទាំងនេះឬ អ្នក១នោះដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ គេនឹងសំរេចដល់ក្រុងបាប៊ីឡូន តាមបំណងព្រះហឫទ័យទ្រង់ ដៃរបស់គេនឹងសង្កត់លើពួកខាល់ដេ
១៥ អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង
១៦ ចូរឲ្យឯងរាល់គ្នាចូលមកជិតអញ ហើយស្តាប់សេចក្តីនេះចុះ តាំងតែពីដើមដំបូងមក អញមិនបាននិយាយដោយសំងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះអញក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ឲ្យមក។
ប្រជាជនអ៊ីស្រាអែល មិនព្រមស្តាប់ព្រះបន្ទូលព្រះអម្ចាស់
១៧ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ
១៨ ឱបើឯងបានស្តាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្តីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្តីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ
១៩ ឯពូជពង្សឯងក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីឯងមក នោះនឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឯឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខអញឡើយ។
២០ ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុប ជាអ្នកបំរើទ្រង់ហើយ
២១ គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសំរាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឲ្យទឹកផុសចេញមក
២២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គ្មានសេចក្តីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។