៤៩
អ្នក​បំរើ​ព្រះអម្ចាស់ ជា​ពន្លឺ​របស់​ប្រជាជាតិ​នានា
១ ម្នាល​កោះ​ទាំងឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះយេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ២ ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់ ៣ ទ្រង់​បាន​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ គឺ​អ៊ីស្រាអែល ដែល​អញ​នឹង​បាន​សិរីល្អ​ដោយសារ​ឯង ៤ តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កំឡាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ​សេចក្តី​យុត្តិធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះយេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។
៥ ឥឡូវ​នេះ ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ គឺ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់​សំរាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់អាន​នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ៦ អើ ទ្រង់​មាន​ព្រះបន្ទូល​ថា ការ​ដែល​ឯង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បំរុង​ទុក​ក្នុង​សាសន៍​អ៊ីស្រាអែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិចតួច​ពេក​ដល់​ឯង អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត ៧ ព្រះយេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​គេ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ដល់​អ្នក​នោះ ដែល​មនុស្ស​ទាំងឡាយ​មិន​អើពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បំរើ​របស់​ពួក​អ្នក​ដែល​គ្រប់គ្រង​ថា បណ្តា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ​បង្គំ​ដោយ​ព្រោះ​ព្រះយេហូវ៉ា ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​រើស​ឯង។
៨ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្ត​អញ នោះ​អញ​បាន​ឆ្លើយ​ដល់​ឯង ហើយ​នៅ​ថ្ងៃ​សំរាប់​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង អញ​នឹង​ទំនុក​បំរុង​ឯង ហើយ​តាំង​ឯង​ឡើង​ទុក​ជា​សេចក្តី​សញ្ញា​ដល់​បណ្តាជន ប្រយោជន៍​នឹង​រៀបចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី ដែល​ចោល​ស្ងាត់ ទុក​ជា​មរដក ៩ ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្តី​ងងឹត​ថា ចូរ​សំដែង​ខ្លួន​ចេញ​មក​ចុះ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រក​ស៊ី​ដល់​គេ ១០ គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ​ឬ​ព្រះអាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្តី​មេត្តា​ដល់​គេ ទ្រង់​នឹង​នាំ​គេ​ទៅ អើ​ទ្រង់​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក ១១ អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង ១២ មើល​ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម ១៣ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំងឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះហឫទ័យ​អាណិតអាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។
១៤ តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ ១៥ ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ ១៦ មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច ១៧ ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ ១៨ ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី​ដែល​តែង​ខ្លួន​ដែរ ១៩ ដ្បិត​ឯ​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ និង​ស្រុក​ឯង​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ​នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​ឯង គេ​នឹង​នៅ​ឆ្ងាយ​ពី​ឯង​ហើយ ២០ ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្តី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង ២១ នោះ​ឯង​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យ​អញ ដ្បិត​អញ​បាន​បាត់​កូន​ចៅ​អញ​អស់​ទៅ ហើយ​អញ​ក៏​នៅ​ឯក​ឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរបង់ ហើយ​ដើរ​រសាត់ព្រាត់​ផង តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ មើល អញ​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​បាន​នៅ​ឯ​ណា។
២២ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​នឹង​លើក​ទង់ជ័យ​អញ​ឡើង សំរាប់​ប្រជាជាតិ​ទាំងឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​ឯង​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រីៗ​របស់​ឯង​នៅ​លើ​ស្មា​គេ ២៣ ពួក​មហាក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​ឯង ហើយ​ពួក​អគ្គមហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​ឯង គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​ឯង ហើយ​នឹង​លិទ្ធ​ធូលី​ដី​ដែល​ជាប់​ជើង​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​អញ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។
២៤ តើ​នឹង​ឆក់​យក​របឹប​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ដោះ​ពួក​ឈ្លើយ ដែល​ចាប់​មក​តាម​ច្បាប់​ចេញ​បាន​ឬ​ទេ ២៥ តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ​ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​របឹប​របស់​ពួក​គួរ​ស្ញែងខ្លាច​នឹង​បាន​ដោះ​ចេញ​ផង ដ្បិត​អញ​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​ឯង ហើយ​អញ​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​ឯង​ដែរ ២៦ អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​សង្កត់សង្កិន​ឯង​ត្រូវ​ស៊ី​សាច់​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំងបាយជូរ​ថ្មី នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ​នៃ​យ៉ាកុប។