១០
ថូឡា និងយ៉ាអ៊ារ
១ ក្រោយពីអ័ប៊ីម៉្មាឡិច នោះមានថូឡា ជាកូនពូវ៉ា ដែលជាកូនដូដូរ ក្នុងពួកអ៊ីសាខារ បានតាំងឡើងជួយសង្គ្រោះដល់ពួកអ៊ីស្រាអែល លោកនៅត្រង់សាមារ ក្នុងស្រុកភ្នំអេប្រាអិម
២ ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។
៣ ក្រោយពីនោះមកមានយ៉ាអ៊ារ ជាពួកកាឡាត បានតាំងឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់២២ឆ្នាំ
៤ លោកមានកូនប្រុស៣០នាក់ ដែលមានកូនលា១ម្នាក់សំរាប់ជិះ គេក៏មានទីក្រុង៣០ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ ក្រុងទាំងនោះនៅស្រុកកាឡាត
៥ ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។
សាសន៍អាំម៉ូនវាយប្រហារអ៊ីស្រាអែល
៦ គ្រានោះ ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្តីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនឹងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន និងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ
៧ នោះសេចក្តីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេ ទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន និងពួកកូនចៅអាំម៉ូន
៨ ពួកទាំងនោះក៏ធ្វើទុក្ខ ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកសាសន៍អាម៉ូរី គឺជាស្រុកកាឡាត ចាប់តាំងពីឆ្នាំនោះ រហូតដល់អស់១៨ឆ្នាំតទៅមុខ
៩ រួចពួកកូនចៅអាំម៉ូនក៏ឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត បានជាពួកអ៊ីស្រាអែលមានសេចក្តីវេទនាជាខ្លាំង។
១០ គ្រានោះពួកកូនចៅអ៊ីស្រាអែល ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាបានធ្វើបាបនឹងទ្រង់ហើយ គឺយើងខ្ញុំបានលះចោលព្រះនៃយើងខ្ញុំ ទៅគោរពប្រតិបត្តិដល់អស់ទាំងព្រះបាលវិញ
១១ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបទៅពួកកូនចៅអ៊ីស្រាអែលថា តើអញមិនបានជួយឯងរាល់គ្នា ឲ្យរួចពីពួកសាសន៍អេស៊ីព្ទ សាសន៍អាម៉ូរី និងពួកកូនចៅអាំម៉ូន ហើយនឹងសាសន៍ភីលីស្ទីនទេឬអី
១២ មួយទៀត ពួកសាសន៍ស៊ីដូន សាសន៍អាម៉ាលេក និងពួកម៉ាអូន បានធ្វើទុក្ខដល់ឯងរាល់គ្នាដែរ តែកាលឯងរាល់គ្នាបានអំពាវនាវដល់អញ នោះអញបានជួយសង្គ្រោះឯង ឲ្យរួចពីកណ្តាប់ដៃរបស់គេទៅ
១៣ ប៉ុន្តែ ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ អញមិនជួយសង្គ្រោះឯងរាល់គ្នាទៀតឡើយ
១៤ ចូរទៅអំពាវនាវដល់ព្រះទាំងប៉ុន្មាន ដែលឯងរាល់គ្នាបានរើសនោះវិញ ត្រូវឲ្យព្រះទាំងនោះជួយសង្គ្រោះឯងក្នុងវេលាដែលមានសេចក្តីវេទនាចុះ
១៥ តែពួកកូនចៅអ៊ីស្រាអែលទូលតបនឹងព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាមានបាបហើយ ដូច្នេះសូមប្រព្រឹត្តនឹងយើងខ្ញុំ តាមតែទ្រង់សព្វព្រះហឫទ័យចុះ សូមតែជួយយើងខ្ញុំឲ្យរួចនៅថ្ងៃនេះកុំខាន
១៦ រួចគេយកអស់ទាំងព្រះដទៃរបស់គេចោលចេញ ក៏បែរមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ទ្រង់ក៏មានសេចក្តីរំជួល ដោយព្រោះសេចក្តីវេទនានៃពួកអ៊ីស្រាអែល។
១៧ គ្រានោះពួកកូនចៅអាំម៉ូន គេមូលគ្នាទៅបោះទ័ពនៅស្រុកកាឡាត ឯពួកកូនចៅអ៊ីស្រាអែលក៏មូលគ្នាទៅបោះទ័ពនៅមីសប៉ា
១៨ នោះពួកបណ្តាជននឹងពួកអ្នកជាកំពូលរបស់ពួកកាឡាត គេសួរគ្នាទៅវិញទៅមកថា តើអ្នកណាហ៊ានចាប់ផ្តើមច្បាំងនឹងពួកកូនចៅអាំម៉ូន អ្នកណាដែលហ៊ាន នោះនឹងបានធ្វើជាមេលើពួកមនុស្ស នៅស្រុកកាឡាតទាំងអស់។