៩
អ័ប៊ីម៉្មាឡិចតាំងខ្លួនជាស្តេចនៅស៊ីគែម
១ នោះអ័ប៊ីម៉្មាឡិចជាកូនយេរូ-បាល ក៏ទៅឯពួកបងប្អូនខាងម្តាយខ្លួននៅស៊ីគែម ព្រមទាំងពួកញាតិសន្តានរបស់ជីតាខ្លួន ខាងម្តាយទាំងអស់គ្នា ជំរាបថា
២ សូមខ្សឹបដាក់ត្រចៀកនៃពួកមនុស្សនៅស៊ីគែមទាំងអស់ថា បើពួកកូនយេរូ-បាលទាំង៧០នាក់ ឬមនុស្សតែម្នាក់គ្រងរាជ្យលើអ្នករាល់គ្នា នោះតើណាវិសេសជាងណា សូមឲ្យអ្នករាល់គ្នានឹកចាំយ៉ាងនេះទៀត គឺថាខ្ញុំនេះជាសាច់ឈាមនឹងអ្នករាល់គ្នាដែរ
៣ ដូច្នេះពួកបងប្អូនខាងម្តាយ ក៏ខ្សឹបសេចក្តីទាំងនេះដាក់ត្រចៀកពួកមនុស្សនៅស៊ីគែម នោះចិត្តគេក៏ល្អៀងទៅខាងអ័ប៊ីម៉្មាឡិចដោយថា គាត់ជាបងប្អូននឹងយើង
៤ គេក៏យកប្រាក់៧០រៀល ពីវិហាររបស់ព្រះបាល-បេរីតជូន លោកក៏យកទៅជួលពួកមនុស្សពាលអានាថា ឲ្យចុះចូលតាមខ្លួន
៥ រួចនាំទៅឯផ្ទះឪពុកនៅក្រុងអូប្រា សំឡាប់ពួកកូនយេរូ-បាល ដែលជាបងប្អូនខ្លួនទាំង៧០នាក់ នៅលើថ្មតែ១ នៅសល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានពួនខ្លួន
៦ ដូច្នេះ ពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទាំងអស់ ក៏មូលមកព្រមគ្នានឹងទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅត្រង់ដើមម៉ៃសាក់ក្នុងបន្ទាយនៅត្រង់ស៊ីគែម ឲ្យធ្វើជាស្តេចឡើង។
ពាក្យប្រស្នារបស់លោកយ៉ូថាម
៧ មានគេនាំដំណឹងនោះ ទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែម អើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ
៨ មានកាល១ថ្ងៃពួកដើមឈើចង់ធ្វើបុណ្យចាក់ប្រេង តាំងឲ្យមានស្តេចឡើង ក៏ទៅសូមដល់ដើមអូលីវថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
៩ តែដើមអូលីវប្រកែកថា តើគួរឲ្យខ្ញុំលះចោលប្រេងខ្ញុំ ដែលសំរាប់ប្រើនឹងលើកដំកើងព្រះហើយនឹងមនុស្សផង ទៅរញ្ជួយគ្របលើអស់ទាំងដើមឈើឬអី
១០ រួចពួកដើមឈើទាំងនោះក៏សូមដល់ដើមល្វាថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
១១ តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
១២ នោះពួកដើមឈើក៏សូមដល់ដើមទំពាំងបាយជូរថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
១៣ តែដើមទំពាំងបាយជូរប្រកែកថា តើគួរឲ្យខ្ញុំលះចោលជាតិទឹកផ្លែរបស់ខ្ញុំ ដែលនាំឲ្យទាំងព្រះ និងមនុស្សផង បានសប្បាយឡើង ដើម្បីទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
១៤ រួចមកដើមឈើទាំងនោះ ក៏ទៅសូមដល់គុម្ពបន្លាថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
១៥ នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមកបញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។
១៦ ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ
១៧ ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានផង
១៨ ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងពួកគ្រួឪពុកខ្ញុំវិញ ព្រមទាំងសំឡាប់កូនរបស់លោក៧០នាក់ នៅលើថ្មតែ១ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់បាវបំរើលោក ឲ្យធ្វើជាស្តេចលើបណ្តាមនុស្សនៅស៊ីគែម ដោយព្រោះតែគេជាសាច់ញាតិ និងអ្នករាល់គ្នាដូច្នេះ
១៩ អើ បើអ្នករាល់គ្នាយល់ឃើញថា បានប្រព្រឹត្តត្រឹមត្រូវ ហើយស្មោះត្រង់នឹងយេរូ-បាល ព្រមទាំងពួកគ្រួលោកទាំងប៉ុន្មាននៅថ្ងៃនេះ នោះចូរឲ្យត្រេកអរសប្បាយចំពោះអ័ប៊ីម៉្មាឡិច
ហើយឲ្យគេបានរីករាយនឹងអ្នករាល់គ្នាដែរ
២០ ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ
២១ រួចយ៉ូថាមក៏ដកខ្លួនរត់រួចទៅឯស្រុកប្អៀរ ស្នាក់នៅទីនោះដោយព្រោះខ្លាចអ័ប៊ីម៉្មាឡិចជាបង។
បណ្តាជននៅស៊ីគែមប្រឆាំងនឹងអ័ប៊ីម៉្មាឡិច
២២ អ័ប៊ីម៉្មាឡិចក៏ជែងគ្រប់គ្រង លើពួកអ៊ីស្រាអែលអស់៣ឆ្នាំ
២៣ លំដាប់នោះព្រះទ្រង់បណ្តាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមនុស្សនៅស៊ីគែម មានគំនិតអាក្រក់ដល់គ្នាទៅវិញទៅមក ពួកមនុស្សនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់ចំពោះអ័ប៊ីម៉្មាឡិច
២៤ ដើម្បីឲ្យឈាមនៃពួកកូនយេរូ-បាលទាំង៧០នាក់ ដែលអ័ប៊ីម៉្មាឡិច ជាប្អូនបានសំឡាប់ដោយសាហាវ បានធ្លាក់មកលើលោក និងពួកមនុស្សនៅស៊ីគែម ដែលបានចំរើនកំឡាំងដៃលោក ឲ្យសំឡាប់បងប្អូនផង
២៥ ដូច្នេះ ពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។
២៦ គ្រានោះកាអាស ជាកូនអេបេឌ ក៏មកដល់ស៊ីគែម ជាមួយ និងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
២៧ គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
២៨ កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែម ជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះចូរអ្នករាល់គ្នាកោតខ្លាច ដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី
២៩ ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។
៣០ កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្តីកំហឹងឡើង
៣១ រួចលោកចាត់គេឲ្យទៅជំរាបអ័ប៊ីម៉្មាឡិចដោយសំងាត់ថា មើល ឥឡូវកាអាល ជាកូនអេបេឌ និងបងប្អូនវា បានមកដល់ស៊ីគែមហើយ គេញុះញង់ទីក្រុងឲ្យបះបោរទាស់នឹងលោក
៣២ ដូច្នេះ សូមឲ្យលោក និងពួកអ្នកដែលកាន់ខាងលោក រៀបចំទៅបង្កប់ខ្លួនទាំងយប់នៅទីវាលទៅ
៣៣ រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា និងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ។
៣៤ ខណៈនោះ អ័ប៊ីម៉្មាឡិច និងអស់មនុស្សដែលកាន់ខាងលោក ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជា៤ពួក ដើម្បីច្បាំង និងពួកក្រុងស៊ីគែម
៣៥ ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងពួកអ្នកដែលនៅជាមួយ ក៏ងើបចេញពីទីបង្កប់ខ្លួនមក
៣៦ កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ
៣៧ កាអាលក៏ប្រាប់ម្តងទៀតថា មើលនុ៎ះន៏ មានគេមកពីទួលខ្ពស់នោះហើយ ក៏មាន១ពួកទៀតមកតាមផ្លូវដើមម៉ៃសាក់មេវនេនីមដែរ
៣៨ នោះសេប៊ុលឆ្លើយថា តើសំដីឯងនៅឯណាឥឡូវ ដែលឯងបានថា តើអ័ប៊ីម៉្មាឡិចជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា គឺមនុស្សទាំងនោះហើយ ដែលឯងបានមើលងាយទេតើ ដូច្នេះ ចូរចេញទៅច្បាំងនឹងគេឥឡូវនេះចុះ
៣៩ កាអាលក៏នាំមុខពួកមនុស្សនៅស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច
៤០ តែអ័ប៊ីម៉្មាឡិចប្រដេញគាត់វិញ ហើយគាត់ក៏រត់ពីមុខគេទៅ មានមនុស្សជាច្រើនបានដួល ដោយត្រូវរបួស រហូតដល់មាត់ទ្វារទីក្រុង។
៤១ ឯអ័ប៊ីម៉្មាឡិច លោកក៏អាស្រ័យនៅត្រង់អារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនគេ មិនឲ្យនៅស៊ីគែមទៀតទេ
៤២ រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជំរាបដល់អ័ប៊ីម៉្មាឡិច
៤៣ នោះអ័ប៊ីម៉្មាឡិចក៏ចែកពួកទ័ពជា៣ផ្នែក នាំចេញទៅបង្កប់ខ្លួននៅឯវាល តែកាលលោកក្រឡេកមើលទៅឃើញពួកបណ្តាជន កំពុងចេញពីទីក្រុងមកទៀត នោះក៏ក្រោកស្ទុះចូលទៅវាយគេ
៤៤ រួចលោក និងពួកទ័ព១ផ្នែកដែលនៅជាមួយ ក៏រត់ទៅពីខាងមុខ ឈរនៅមាត់ទ្វារក្រុង ឯពួកទ័ព២ផ្នែកឯទៀត ក៏ស្ទុះចូលទៅវាយពួកដែលនៅឯវាលនោះ
៤៥ អ័ប៊ីម៉្មាឡិចបានច្បាំងនឹងពួកទីក្រុងនោះអស់ពេញ១ថ្ងៃ ក៏ចាប់យកទីក្រុងបាន ហើយសំឡាប់ពួកបណ្តាជនទាំងប៉ុន្មាន រួចរំលំទីក្រុង ព្រមទាំងបាចអំបិលទៅលើផង។
៤៦ កាលពួកមនុស្ស នៅប៉មស៊ីគែម បានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត
៤៧ មានគេជំរាបដល់អ័ប៊ីម៉្មាឡិចថា ពួកមនុស្សនៅប៉មស៊ីគែម បានមូលគ្នាហើយ
៤៨ នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាម ដូចជាអញចុះ
៤៩ ដូច្នេះ គេក៏កាប់មែកឈើរៀងខ្លួនលីទៅតាម រួចដាក់មែកឈើទាំងនោះ នៅត្រង់ជើងបន្ទាយ ហើយដុតបញ្ឆេះពីលើគេទៅ ដូច្នេះ ពួកមនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រហែលជា១ពាន់នាក់។
៥០ រួចអ័ប៊ីម៉្មាឡិចក៏ទៅដល់ថេបេស បោះទ័ពទាស់នឹងគេ ហើយចាប់យកទីក្រុងបាន
៥១ តែនៅក្នុងទីក្រុងនោះ មានប៉ម១មាំមួនណាស់ ឯពួកមនុស្សនៅក្រុងទាំងអស់គ្នា ទាំងប្រុសទាំងស្រី គេក៏រត់ទៅជ្រកនៅប៉មនោះ រួចបិទទ្វារនាំគ្នាឡើងទៅដល់កំពូល
៥២ អ័ប៊ីម៉្មាឡិចក៏មកច្បាំងនឹងទីប៉ម ហើយចូលទៅដល់មាត់ទ្វារ ដើម្បីនឹងបង្កាត់ភ្លើងដុតចោល
៥៣ ខណៈនោះ មានស្ត្រីម្នាក់យកគ្របត្បាល់កិន បោះមកលើ ត្រូវបែកក្បាលអ័ប៊ីម៉្មាឡិចទៅ
៥៤ ដូច្នេះ លោកហៅមនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសំឡាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំនៀលថា មានស្រីបានសំឡាប់អញនោះឡើយ ដូច្នេះ មនុស្សកំឡោះនោះ ក៏ចាក់ទំលុះលោកសំឡាប់ចោលទៅ
៥៥ កាលពួកសាសន៍អ៊ីស្រាអែលបានឃើញថា អ័ប៊ីម៉្មាឡិចស្លាប់ហើយ នោះគេក៏ត្រឡប់ទៅឯកន្លែងគេរៀងខ្លួនវិញ
៥៦ គឺយ៉ាងនោះហើយដែលព្រះបានសងអំពើដ៏លាមកអាក្រក់ ដែលលោកបានធ្វើដល់ឪពុកខ្លួន ដោយសំឡាប់បងប្អូនទាំង៧០នាក់នោះ
៥៧ ហើយព្រះទ្រង់ក៏បានទំលាក់សេចក្តីដ៏លាមកអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ព្រមទាំងសេចក្តីបណ្តាសារបស់យ៉ូថាម ជាកូនយេរូ-បាលផង។