២៤
ល្វាពីរល្អី
១ ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង
២ ល្អី១មានផ្លែល្វាយ៉ាងល្អណាស់ ដូចជាផ្លែល្វាដែលទុំមុនគេ ឯល្អី១ទៀតមានផ្លែល្វាអាក្រក់ណាស់ ដែលនឹងបរិភោគមិនបាន ដោយព្រោះអាក្រក់ក្រៃពេក
៣ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរខ្ញុំថា យេរេមាអើយ ឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលឆ្លើយថា ឃើញផ្លែល្វា ឯផ្លែល្អ នោះល្អណាស់ ហើយផ្លែអាក្រក់ ក៏អាក្រក់ណាស់ដែរ នឹងបរិភោគមិនបាន ពីព្រោះអាក្រក់ក្រៃពេក។
៤ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
៥ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ដូចជាឯងបានស្គាល់ផ្លែល្វាល្អនេះ អញក៏នឹងស្គាល់ពួកយូដា ដែលត្រូវគេដឹកនាំទៅជាឈ្លើយនោះដែរ ដើម្បីនឹងប្រោសឲ្យគេបានសេចក្តីល្អ គឺជាពួកអ្នកដែលអញបានបណ្តេញចេញពីទីនេះ ទៅដល់ស្រុកខាល់ដេហើយ
៦ ដ្បិតអញនឹងតាំងភ្នែកមើលតាមគេ ឲ្យបានសេចក្តីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ អញនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏នឹងដាំគេចុះ ឥតរំលើងចេញដែរ
៧ អញនឹងឲ្យគេមានចិត្តដែលស្គាល់អញថា ជាព្រះយេហូវ៉ា នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះរបស់គេ ពីព្រោះគេនឹងវិលមកឯអញដោយអស់ពីចិត្ត។
៨ ឯផ្លែល្វាអាក្រក់ ដែលនឹងបរិភោគមិនបាន ដោយព្រោះអាក្រក់ក្រៃពេក នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលជាប្រាកដថា អញនឹងឲ្យសេដេគា ជាស្តេចយូដា បានយ៉ាងដូច្នោះដែរ ព្រមទាំងពួកចៅហ្វាយ និងសំណល់មនុស្សនៅក្រុងយេរូសាឡិម ដែលសល់នៅក្នុងស្រុកនេះ ហើយនឹងពួកដែលនៅស្រុកអេស៊ីព្ទផង
៩ អញនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្តាលអស់ទាំងនគរនៅផែនដីវិញឲ្យបានសេចក្តីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្តាសា នៅគ្រប់ទីកន្លែងណាដែលអញនឹងបណ្តេញទៅនោះ
១០ អញនឹងចាត់ប្រើដាវ និងសេចក្តីអំណត់អត់ ហើយអាសន្នរោគ ឲ្យនៅកណ្តាលពួកគេ ដរាបដល់គេសូន្យបាត់អស់រលីងពីស្រុកដែលអញបានឲ្យដល់គេ ហើយដល់ពួកព្ធយុកោគេទៅ។