២៥
ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាចចិតសិបឆ្នាំ
១ នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ពីដំណើរបណ្តាជន នៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា (ឆ្នាំនោះជាឆ្នាំដំបូង នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន)
២ ជាសេចក្តីដែលហោរាយេរេមាបានប្រាប់ដល់បណ្តាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា
៣ ចាប់តាំងពីឆ្នាំទី១៣ ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺអស់២៣ឆ្នាំនេះហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ហើយខ្ញុំបានទាំងក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នាផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ
៤ ឯព្រះយេហូវ៉ាទ្រង់បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់ទ្រង់ ឲ្យមកឯអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាងនឹងចាត់គេផង តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកនឹងស្តាប់សោះ
៥ ទ្រង់បានមានព្រះបន្ទូលថា ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់ឯង និងពួកឰយុកោឯង ចាប់តាំងពីបុរាណ ហើយសំរាប់ជាដរាបតទៅ
៦ កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ
៧ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ គឺជាការដែលនាំឲ្យអញខឹង ដោយសារការដែលដៃឯងបានធ្វើវិញ ឲ្យអញបានប្រទូស្តដល់ឯង
៨ ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមពាក្យអញ
៩ នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
១០ មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ និងសំឡេងរីករាយ សំឡេងប្តីប្រពន្ធថ្មោងថ្មី និងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ
១១ ដូច្នេះ ស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំងផង សាសន៍ទាំងនេះនឹងត្រូវបំរើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ។
១២ លុះដល់គ្រប់៧០ឆ្នាំនោះហើយ នោះអញនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ នោះអញនឹងធ្វើឲ្យស្ងាត់ជ្រងំជាដរាបទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
១៣ អញនឹងសំរេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន
១៤ ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ និងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយអញនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
ព្រះអម្ចាស់ដាក់ទោសនគរទាំងអស់នៅលើផែនដី
១៥ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្តីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
១៦ គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ
១៧ ដូច្នេះ ខ្ញុំក៏យកពែងនោះពីព្រះហស្តនៃព្រះយេហូវ៉ា ទៅបំផឹកអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំទៅនោះ
១៨ គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្តេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីផ្តាសាដូចជាសព្វថ្ងៃនេះ
១៩ និងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ពួកមហាតលិក និងពួកចៅហ្វាយ ហើយជនជាតិរបស់គេផង
២០ អស់ទាំងសាសន៍លាយគ្នា ពួកស្តេចនៅស្រុកអ៊ូស និងអស់ទាំងស្តេចរបស់ស្រុកភីលីស្ទីន គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ
២១ សាសន៍អេដំម សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន
២២ អស់ទាំងស្តេចក្រុងទីរ៉ុស ស្តេចក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
២៣ ពួកដេដាន់ ពួកថេម៉ា និងពួកប៊ូស ហើយអស់ពួកអ្នកដែលកាត់ជ្រុងពុកចង្កា
២៤ អស់ទាំងស្តេចសាសន៍អារ៉ាប់ និងស្តេចនៃសាសន៍លាយគ្នា ដែលអាស្រ័យនៅទីរហោស្ថាន
២៥ ពួកស្តេចស៊ីមរី ស្តេចអេឡាំ និងអស់ទាំងស្តេចសាសន៍មេឌី
២៦ ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង រួចស្តេចសេសាកនឹងត្រូវផឹកជាខាងក្រោយបង្អស់។
២៧ ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងផង ចូរក្អួតចេញ ហើយដួលចុះឥតដែលក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកឯងរាល់គ្នា
២៨ បើកាលណាគេមិនព្រមផឹកពីពែងនៅដៃឯងទេ នោះត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងរាល់គ្នាផឹកជាពិត
២៩ ដ្បិតមើល អញចាប់តាំងធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះអញ ដូច្នេះតើឯងរាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ អញនឹងហៅឲ្យមានដាវមកលើគ្រប់ទាំងមនុស្សនៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
៣០ ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះ ទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ា ទ្រង់នឹងគ្រហឹមពីខាងលើ ហើយនឹងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសំរែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
៣១ នឹងឮសូររហូតដល់ចុងផែនដីបំផុតផង ដ្បិតព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់ទទឹងនឹងសាសន៍ទាំងប៉ុន្មាន ទ្រង់នឹងកើតក្តីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
៣២ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល សេចក្តីអាក្រក់នឹងចេញពីនគរ១ដល់នគរ១ ហើយនឹងកើតមានព្យុះសង្ឃរាយ៉ាងសំបើម មកពីចុងផែនដីបំផុត
៣៣ នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី
៣៤ ឱពួកអ្នកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកជាប្រធានក្នុងហ្វូងអើយ ចូរដេកននៀលក្នុងផេះចុះ ដ្បិតគ្រាដែលសំឡេះឯង ហើយកំចាត់កំចាយឯង បានមកដល់ហើយ ឯងរាល់គ្នានឹងត្រូវធ្លាក់ចុះ ដូចជាភាជនៈមានដំឡៃ
៣៥ ឯពួកអ្នកគង្វាល នឹងគ្មានផ្លូវណារត់ឲ្យរួចឡើយ ហើយពួកដែលជាប្រធានក្នុងហ្វូង ក៏ឥតមានផ្លូវនឹងរួចបានដែរ
៣៦ មានឮសំរែកនៃពួកអ្នកគង្វាល និងសូរទ្រហោយំ របស់ពួកជាប្រធានក្នុងហ្វូង ពីព្រោះព្រះយេហូវ៉ា ទ្រង់បំផ្លាញទីឃ្វាលរបស់គេ
៣៧ ហើយក្រោលសុខសាន្តទាំងប៉ុន្មានបានត្រឡប់ជាស្ងាត់ច្រៀប ដោយព្រោះសេចក្តីខ្ញាល់ដ៏សហ័សនៃព្រះយេហូវ៉ា
៣៨ ទ្រង់បានចេញពីទីលំនៅរបស់ទ្រង់ ដូចជាសិង្ហ ដ្បិតស្រុករបស់គេ បានត្រឡប់ជាស្ងាត់ជ្រងំ ដោយព្រោះសេចក្តីច្រឡោតនៃពួករឹបជាន់ និងសេចក្តីខ្ញាល់ដ៏សហ័សនៃទ្រង់។