៣
អ៊ីស្រាអែលប្រៀបបាននឹងស្រីពេស្យាដែលមិនដូរគំនិត
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើមនុស្សណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នកនោះ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃណា នោះតើដែលត្រឡប់ទៅនៅជាមួយនឹងនាងនោះទៀតដែរឬ តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬអី ឯឯងវិញ ឯងបានផិតអញដោយមានសហាយជាច្រើន ប៉ុន្តែចូរត្រឡប់មកឯអញវិញចុះ
២ ចូរងើបភ្នែកឡើងទៅឯទីខ្ពស់ទាំងប៉ុន្មាន ហើយមើលកន្លែងណា ដែលគេមិនបានដេកនឹងឯងនោះ គឺឯងបានអង្គុយចាំគេតាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយឯងបានធ្វើឲ្យស្រុកអាប់ឱនទៅ ដោយការកំផិត និងអំពើទុច្ចរិតរបស់ឯង
៣ ហេតុនោះបានជាឥតមានភ្លៀង១មេៗឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ គង់តែឯងនៅមានមុខងងើលដូចជាស្រីសំផឹងទៀត ឯងមិនព្រមអៀនខ្មាសសោះ
៤ ឥឡូវនេះ តើឯងមិនចង់អំពាវនាវរកអញវិញទេឬអី ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ ទ្រង់ជាព្រះដ៏ដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង
៥ តើទ្រង់នឹងនៅតែខ្ញាល់ជាដរាបឬ តើទ្រង់នឹងមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬអី តែមើល ឯងបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកំឡាំងចិត្តទេ។
ចូរកែប្រែចិត្តគំនិតឡើង!
៦ មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយបានប្រព្រឹត្តសេចក្តីកំផិតនៅទីនោះ
៧ លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ នោះអញបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកឯអញវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ
៨ ហើយអញបានឃើញថា ទោះបើអញបានលាកលែងអ៊ីស្រាអែលជាពួករាថយនោះ ព្រមទាំងឲ្យសំបុត្រលះលែងដល់គេហើយ ដោយព្រោះគេតែងប្រព្រឹត្តសេចក្តីកំផិតនោះ គង់តែយូដា ជាប្អូនគេ ដែលមានចិត្តក្បត់មិនបានខ្លាចដែរ គឺបានទៅប្រព្រឹត្តការកំផិតដូចគ្នា
៩ ហើយស្រុកបានអាប់ឱនទៅ ដោយសព្ទរន្ទឺនៃការកំផិតរបស់គេ គឺបានប្រព្រឹត្តសេចក្តីកំផិតនឹងដុំថ្ម ហើយនឹងដុំឈើផង
១០ ទោះបើមានយ៉ាងនោះក៏ដោយ គង់តែយូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯអញដោយអស់ពីចិត្តដែរ គឺមានពុតត្បុតវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
១១ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា អ៊ីស្រាអែលជាពួករាថយនោះ គេបានសំដែងខ្លួនជាសុចរិត ជាជាងពួកយូដា ដែលមានចិត្តក្បត់នោះ ទៅទៀត
១២ ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ អញនឹងមិនបំភ័យឯងដោយទឹកមុខអញទេ ដ្បិតអញមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនក្រោធជាដរាបឡើយ
១៣ ឲ្យឯងគ្រាន់តែទទួលព្រមថា ឯងមានសេចក្តីទុច្ចរិតមែនប៉ុណ្ណេះ ដោយបានរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃឯង ហើយបានចែកអំពើគោរពរបស់ឯង ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ
១៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតអញជាប្តីដល់ឯងរាល់គ្នាហើយ នោះអញនឹងយកឯងរាល់គ្នា ម្នាក់ពីក្រុង១ ហើយ២នាក់ពីពូជអំបូរ១ នាំត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ
១៥ រួចអញនឹងឲ្យឯងរាល់គ្នា មានអ្នកគ្រប់គ្រងដែលគាប់ចិត្តអញ ជាអ្នកដែលនឹងឃ្វាលឯងរាល់គ្នាដោយដំរិះ និងយោបល់
១៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះកាលណាឯងរាល់គ្នាបានចំរើនមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងចេញពាក្យថា ហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ហិបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញ ដរាបតទៅ
១៧ នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថា ជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មកឯព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនដើរតាមសេចក្តីរឹងចចេស នៃចិត្តអាក្រក់របស់គេទៀតឡើយ
១៨ នៅគ្រានោះ ពួកវង្សយូដានឹងដើរជាមួយនឹងពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោរបស់ឯងទុកជាមរដក។
១៩ តែអញបាននឹកថា ធ្វើដូចម្តេចឲ្យអញដាក់ឯងឲ្យនៅជាមួយនឹងពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមរដកយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់ឯងផង នោះអញបានឆ្លើយថា ឯងរាល់គ្នានឹងហៅអញថាជាព្រះវរបិតារបស់ឯង ក៏នឹងលែងងាកបែរចេញពីអញតទៅ
២០ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាឯងបានប្រព្រឹត្តអំពើក្បត់ចំពោះអញ ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្តីខ្លួន
២១ មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែល ដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួនទៅ
២២ ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ អញនឹងមើលអស់ទាំងអំពើរាថយរបស់ឯង ឲ្យបានជាឡើងមើល យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
២៣ ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច ហើយដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ សេចក្តីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល នោះស្រេចនឹងព្រះយេហូវ៉ា ជាព្រះនៃយើងជាពិតវិញ
២៤ ប៉ុន្តែរបស់គួរខ្មាសបានស៊ីបង្ហិនការដែលពួកឪពុកយើងបានខំធ្វើ តាំងពីយើងនៅក្មេងមក គឺទាំងហ្វូងចៀម ហ្វូងគោ និងកូនប្រុសកូនស្រី របស់គាត់ផង
២៥ គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្តីខ្មាសរបស់យើង ហើយឲ្យសេចក្តីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាផង។