១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា បើ​ឯង​រាល់​គ្នា​នឹង​វិល​មក​វិញ ឱ​ពួក​អ៊ីស្រាអែល​អើយ បើ​ឯង​នឹង​មក​ឯ​អញ​វិញ ហើយ​នឹង​លះបង់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ចេញ​ពី​មុខ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​បំបរបង់​ទេ ២ ហើយ​បើ​ឯង​នឹង​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ពិត នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ទ្រង់ ហើយ​នឹង​អួត​សរសើរ​ពី​ទ្រង់។
៣ ដ្បិត​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល ដល់​មនុស្ស​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​ឯង​រាល់​គ្នា​ឡើង ហើយ​កុំ​ឲ្យ​សាបព្រោះ នៅ​កណ្តាល​បន្លា​ឡើយ ៤ ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូសាឡិម​អើយ ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះយេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្តី​ក្រោធ​របស់​អញ​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្តី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ។
យូដា​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន
៥ ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូសាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ​ចុះ ៦ ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​ឲ្យ​រត់​ទៅ កុំ​បង្អង់​ឡើយ ពី​ព្រោះ​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង ៧ មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ ៨ ហេតុ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះយេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ ៩ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​គ្រា​នោះ​ព្រះទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ចៅហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំងកាំង​នៅ ហើយ​ពួក​ហោរា​នឹង​នឹក​ប្លែក​ដែរ។
១០ នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បញ្ឆោត​ជនជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូសាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះបន្ទូល​ថា នឹង​មាន​សេចក្តី​សុខ​ដល់​ឯង​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ។
១១ នៅ​គ្រា​នោះ​នឹង​មាន​សេចក្តី​ប្រាប់​ដល់​ជនជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូសាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សំរាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សំរាប់​សំអាត​ដែរ
១២ គឺ​ជា​ខ្យល់​ពេញ​កំឡាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សំរេច​ទោស​ដល់​គេ ១៣ មើល អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចំបាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ ១៤ ឱ​ក្រុង​យេរូសាឡិម​អើយ ចូរ​លាង​ចិត្ត​ឯង​ឲ្យ​ជ្រះ​ចេញ​ពី​សេចក្តី​ទុច្ចរិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន​ដល់​កាល​ណា​ទៀត ១៥ ដ្បិត​មាន​សំឡេង​១​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រាអិម​មក​ប្រកាស​ពី​ការ​អាក្រក់ ១៦ ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង នែ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូសាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោមព័ទ្ធ​ឯង គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ១៧ គេ​នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចំការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះបោរ​នឹង​អញ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ១៨ គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នឹង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះពាល់​ដល់​ចិត្ត​ឯង​ហើយ។
លោក​យេរេមា​ស្រណោះ​ជនជាតិ​អ៊ីស្រាអែល
១៩ ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្តី​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺងកង​នៃ​ចំបាំង​ហើយ ២០ គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើ​ការ​បំផ្លាញ ពី​ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ​ស្រាប់​តែ​ខូចបង់​ភ្លាម ហើយ​ត្រសាល​របស់​ខ្ញុំ​ជា​១​រំពេច​ដែរ ២១ តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត ២២ ពិត​ប្រាកដ​ជា​រាស្ត្រ​របស់​អញ​គេ​ល្ងីល្ងើ គេ​មិន​ស្គាល់​អញ​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេងវង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។
២៣ ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ នោះ​ក៏​ឥត​មាន​ពន្លឺ​ដែរ ២៤ ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ ២៥ ខ្ញុំ​ក៏​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ ២៦ រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​ចំពោះ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់។
២៧ ដ្បិត​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូចបង់ ប៉ុន្តែ​អញ​មិន​បំផ្លាញ​អស់​រលីង​ទេ ២៨ ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​អញ​បាន​ចេញ​វាចា អញ​បាន​គិត​សំរេច​ការ​នេះ​ហើយ អញ​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ
ក្រុង​យេរូសាឡិម​អន្តរាយ
២៩ បណ្តា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ​ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឡើង​ទៅ​លើ​ថ្ម​ជា ទី​ក្រុង​ទាំងឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ ៣០ ឯ​ឯង កាល​ណា​ឯង​បាន​ត្រូវ​ខូចបង់​ហើយ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច ទោះ​បើ​ឯង​ស្លៀកពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ព្រម​ទាំង​ផាត់​រង្វង់​ភ្នែក​ឯង ដោយ​ថ្នាំ​ផង​ក៏​ដោយ គង់​តែ​ឯង​នឹង​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​ជា​ឥត​ប្រយោជន៍​ទទេ ពួក​សហាយ​របស់​ឯង គេ​ស្អប់​ខ្ពើម​ឯង​ហើយ ក៏​រក​ជីវិត​ឯង​ផង ៣១ ពី​ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​១ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន ជា​សេចក្តី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សំរាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​នៃ​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សំឡាប់​នេះ។