២១
ច្បាប់សំរាប់សង្ឃ
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកសង្ឃ គឺជាពួកកូនអើរ៉ុនថា មិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចស្លាប់ នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយ
២ លើកតែដោយព្រោះសាច់ញាតិដែលជិតដិតចេញ គឺម្តាយ ឬឪពុក ឬកូនប្រុសកូនស្រី ឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះ
៣ ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្តី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ
៤ ពួកសង្ឃជាមេលើសាសន៍របស់ខ្លួន ដូច្នេះ មិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មង ឲ្យបានទាបថោកវិញឡើយ
៥ មិនត្រូវឲ្យគេធ្វើឲ្យទំពែកនៅលើក្បាល ឬកាត់ដំរឹមពុកមាត់ ឬឆូតស្បែកខ្លួនឡើយ
៦ ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយដង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ា ជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ
៧ គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្តីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្តីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ
៨ ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ
៩ បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាសំផឹង នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតវា និងភ្លើងទៅ។
១០ ឯអ្នកណាដែលធ្វើជាសំដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ
១១ ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
១២ មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសំរាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
១៣ ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ
១៤ មិនត្រូវយកស្រីមេម៉ាយ ស្រីប្តីលែង ស្រីខូចសេចក្តីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
១៥ ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
១៦ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
១៧ ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងដំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
១៨ ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា
១៩ ឬមនុស្សណាកំពួរជើងដៃ
២០ ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច
២១ អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
២២ អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងដង្វាយបរិសុទ្ធ និងដង្វាយបរិសុទ្ធបំផុតផង
២៣ ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលទៅឯវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញនេះ ជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ
២៤ ដូច្នេះ ម៉ូសេក៏ប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយដល់ពួកចៅអ៊ីស្រាអែលទាំងអស់គ្នាផង។