២២
ដង្វាយ​ដែល​មិន​អាច​បរិភោគ​បាន
១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ២ ចូរ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដល់​អញ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ឡើយ អញ​នេះ​ជា​ព្រះយេហូវ៉ា ៣ ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ដែល​ជាប់​មាន​សេចក្តី​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដល់​ព្រះយេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​អញ​ទៅ អញ​នេះ​ជា​ព្រះយេហូវ៉ា ៤ បើ​មនុស្ស​ណា​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​មិន​ស្អាត​ដោយសារ​ខ្មោច​ស្លាប់ ឬ​មនុស្ស​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក ៥ ឬ​អ្នក​ណា​ដែល​ពាល់​ដល់​សត្វ​លូន​វារ​ណា ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត ឬ​ដល់​មនុស្ស​ណា​ដែល​សេចក្តី​មិន​ស្អាត​របស់​អ្នក​នោះ​ឆ្លង​មក​លើ​ខ្លួន​បាន ទោះ​បើ​មាន​សេចក្តី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ ៦ អ្នក​ដែល​ពាល់​មនុស្ស​យ៉ាង​នោះ នឹង​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ងូត​ទឹក​ជា​មុន​សិន ៧ រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​នឹង​បាន​ស្អាត ហើយ​នឹង​បរិភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​ផង​អ្នក​នោះ ៨ គេ​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែកហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ អញ​នេះ​ជា​ព្រះយេហូវ៉ា ៩ ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​អញ ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ អញ​នេះ ជា​ព្រះយេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។
១០ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា បរិភោគ​ដង្វាយ​បរិសុទ្ធ​ឡើយ ឯ​អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​នោះ​ដែរ ១១ ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន ១២ បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្តី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ ១៣ តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្តី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិភោគ​ទេ ១៤ បើ​អ្នក​ដទៃ​ណា​បរិភោគ​អ្វី​ពី​ដង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង ១៥ គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ទៅ​ជា​អាប់ឱន​ឡើយ ១៦ យ៉ាង​នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​សេចក្តី​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិភោគ​ដង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​អញ​នេះ​ជា​ព្រះយេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ។
ការ​ជ្រើសរើស​សត្វ​សំរាប់​ធ្វើ​យញ្ញបូជា
១៧ ព្រះយេហូវ៉ា​ទ្រប់​បង្គាប់​ម៉ូសេ ១៨ ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​ដង្វាយ​របស់​ខ្លួន ទោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​នាំ​មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា ១៩ នោះ​បើ​គេ​ចង់​ឲ្យ​ទ្រង់​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ដ៏​ឥតខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី ២០ តែ​សត្វ​ណា​ដែល​វិកលវិការ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ឡើយ ដ្បិត​ទ្រង់​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​ឯង​រាល់​គ្នា​ទេ ២១ ហើយ​អ្នក​ណា​ដែល​ថ្វាយ​យញ្ញបូជា ជា​ដង្វាយ​មេត្រី​ដល់​ព្រះយេហូវ៉ា សំរាប់​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ​ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ទ្រង់​ទទួល មិន​ត្រូវ​ឲ្យ​មាន​វិកលវិការ​អ្វី​ឡើយ ២២ ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ឬ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ទ្រង់​នៅ​លើ​អាសនា​ឡើយ ២៣ បើ​គោ​ឬ​ចៀម មាន​អវយវៈ​ខ្វះ​ខាត​មិន​ខាន​ពេញលេញ នោះ​ឯង​នឹង​ថ្វាយ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ទ្រង់​មិន​ទទួល​សត្វ​នោះ​សំរាប់​ជា​ដង្វាយ​លា​បំណន់​ទេ ២៤ បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ ឬ​បែក ឬ​ក្រៀវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​ឯង​ដែរ ២៥ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សំរាប់​នឹង​ថ្វាយ​ជា​ព្រះស្ងោយ​របស់​ព្រះ​នៃ​ឯង​ឡើយ ពី​ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​ខ្នាត​ទេ គឺ​មាន​វិកលវិការ​ហើយ ទ្រង់​មិន​ទទួល​ស្នង​ឯង​រាល់​គ្នា​ឡើយ។
២៦ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ២៧ កាល​ណា​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ​កើត​មក នោះ​ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​អស់​៧​ថ្ងៃ រួច​តាំង​ពី​ថ្ងៃ​ទី​៨​ទៅ​មុខ នោះ​នឹង​ទទួល សំរាប់​ជា​ដង្វាយ​ដុត ថ្វាយ​ព្រះយេហូវ៉ា​បាន ២៨ តែ​ទោះ​បើ​គោ ឬ​ចៀម​ក្តី នោះ​មិន​ត្រូវ​សំឡាប់​ទាំង​មេ​ទាំង​កូន​នៅ​ថ្ងៃ​ដដែល​ទេ ២៩ បើ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញបូជា ទុក​ជា​ដង្វាយ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា នោះ​ត្រូវ​ថ្វាយ​បែប​ឲ្យ​ទ្រង់​បាន​ទទួល​ឯង​ចុះ ៣០ រួច​ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​នោះ​ឯង មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​ដល់​ព្រឹក​ឡើយ អញ​នេះ​ជា​ព្រះយេហូវ៉ា ៣១ ដូច្នេះ ឯង​រាល់​គ្នា​ត្រូវ​កាន់​អស់​ទាំង​បញ្ញត្ត​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះយេហូវ៉ា ៣២ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ឡើយ គឺ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ដំកើង​អញ​ឡើង​ជា​បរិសុទ្ធ អញ​នេះ គឺ​ព្រះយេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ ៣៣ ហើយ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​នេះ​ជា​ព្រះយេហូវ៉ា។