២៣
ពិធី​បុណ្យ​ផ្សេងៗ
១ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ២ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះយេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​អញ​ទាំង​នោះ គឺ​ដូច្នេះ ៣ ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​៦​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​ឲ្យ​បាន​សំរាក​សំរាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​របស់​ព្រះយេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា។
៤ ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះយេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ ៥ គឺ​នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះយេហូវ៉ា ៦ ហើយ​នៅ​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ឯង ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​ផង​ព្រះយេហូវ៉ា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​៧​ថ្ងៃ ៧ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ៨ តែ​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។
៩ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ១០ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​ឯង ហើយ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្តាប់​ដែល​ជា​ផល​ដំបូង​ពី​ចំរូត​ឯង​មក​ឯ​សង្ឃ ១១ ត្រូវ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​កណ្តាប់​នោះ​នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ស្នង​ឯង​រាល់​គ្នា គឺ​នឹង​គ្រវី​ថ្វាយ​នៅ​ថ្ងៃ​ក្រោយ​នៃ​ថ្ងៃ​ឈប់​សំរាក ១២ ហើយ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​គ្រវី ថ្វាយ​កណ្តាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​ឥតខ្ចោះ អាយុ​១​ខួប​មក​ថ្វាយ​ជា​ដង្វាយ​ដុត ដល់​ព្រះយេហូវ៉ា ១៣ ឯ​ដង្វាយ​ម្សៅ​ដែល​សំរាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​លាយ​នឹង​ប្រេង ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដប់​ព្រះយេហូវ៉ា ហើយ​ដង្វាយ​ច្រួច នោះ​ត្រូវ​ជា​ស្រា​ទំពាំងបាយជូរ​២​កំប៉ុង ១៤ ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​បរិភោគ​នំបុ័ង ឬ​ស្រូវ​លីង ឬ​អង្ករ​ថ្មី ដរាប​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​នៃ​ឯង​សិន នេះ​ហើយ​ជា​ច្បាប់ សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។
១៥ រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក ១៦ ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​ទី​៧​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​៥០​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះយេហូវ៉ា ១៧ ត្រូវ​យក​នំបុ័ង​២​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​ពី​ផ្ទះ​ឯង មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សំរាប់​ជា​ដង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះយេហូវ៉ា ១៨ ហើយ​ត្រូវ​យក​កូន​ចៀម​៧​ឥតខ្ចោះ​អាយុ​១​ខួប និង​គោ​ឈ្មោល​ស្ទាវ​១ ហើយ​នឹង​ចៀម​ឈ្មោល​២ មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ផង ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា ១៩ ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប និង​កូន​ចៀម​ឈ្មោល​២​អាយុ​១​ខួប សំរាប់​ជា​យញ្ញបូជា​នៃ​ដង្វាយ​មេត្រី​ដែរ ២០ ត្រូវ​ឲ្យ​សង្ឃ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះយេហូវ៉ា ព្រម​ទាំង​កូន​ចៀម​២​នោះ​ដែរ ដង្វាយ​ទាំង​នោះ សុទ្ធ​តែ​បរិសុទ្ធ ដល់​ព្រះយេហូវ៉ា ទុក​សំរាប់​ពួក​សង្ឃ ២១ នៅ​ថ្ងៃ​នោះ​ឯង ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សំរាប់​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។
២២ កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ​ចំការ​របស់​ឯង នោះ​មិន​ត្រូវ​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សំរាប់​ពួក​អ្នក​ក្រីក្រ ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​វិញ អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
២៣ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ២៤ ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​អស្សុជ នោះ​ជា​ថ្ងៃ​ឈប់​សំរាក សំរាប់​ឯង​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ២៥ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ តែ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា។
២៦ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ២៧ នៅ​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ​នេះ​ឯង នោះ​ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា ២៨ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សំរាប់​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ២៩ ឯ​អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន​នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់កាល់​ពី​ពួក​សាសន៍​របស់​ខ្លួន​ចេញ ៣០ ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ ៣១ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ ៣២ ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​ឈប់ សំរាប់​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក ហើយ​ឯង​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​៩​ខែ​នោះ​ឯង ចាប់​តាំង​ពី​ល្ងាច​ដរាប​ដល់​ខួប​វិញ នោះ​ឯង​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​ឯង។
៣៣ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ៣៤ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ​ថ្វាយ​ព្រះយេហូវ៉ា​អស់​៧​ថ្ងៃ ៣៥ នៅ​ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ៣៦ ក្នុង​៧​ថ្ងៃ​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទៅ​ព្រះយេហូវ៉ា លុះ​ដល់​ថ្ងៃ​៨ ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សំរាប់​ឯង​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា នេះ​ជា​ជំនុំ​ដ៏​មុតមាំ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ពី​ឲ្យ​សោះ។
៣៧ នេះ​ហើយ ជា​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះយេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​១ ដង្វាយ​ម្សៅ​១ យញ្ញបូជា​១ ហើយ​នឹង​ដង្វាយ​ច្រួច​១ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ ៣៨ ក្រៅ​ពី​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​ផង​ព្រះយេហូវ៉ា ហើយ​ក្រៅ​ពី​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​បំណន់​របស់​ឯង និង​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។
៣៩ នៅ​ថ្ងៃ​១៥​ខែ​អស្សុជ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះយេហូវ៉ា​អស់​៧​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សំរាក ហើយ​នៅ​ថ្ងៃ​ទី​៨ ក៏​ជា​ថ្ងៃ​ឈប់​សំរាក​ដែរ ៤០ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​យក​មែក​ពី​ដើម​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ និង​មែក​ឈើ​ញឹកស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់​៧​ថ្ងៃ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៤១ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះយេហូវ៉ា​អស់​៧​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់កល្ប​ជានិច្ច អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​អស្សុជ ៤២ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា គឺ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រាអែល អាស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​៧​ថ្ងៃ ៤៣ ដើម្បី​ឲ្យ​អស់​ទាំង​ដំណ​កូន​ចៅ​ឯ​រាល់​គ្នា​បាន​ដឹង​ថា អញ​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ៤៤ នោះ​ម៉ូសេ ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះយេហូវ៉ា។