ការតាំងក្រុមសង្ឃដំបូងបង្អស់
៨
ពិធីតែងតាំងជាសង្ឃ
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
២ ចូរនាំយកអើរ៉ុន និងពួកកូនលោក ព្រមទាំងសំលៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ចៀមឈ្មោល២ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង
៣ ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ
៤ ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ
៥ នោះម៉ូសេក៏ប្រាប់ដល់ពួកជំនុំថា នេះជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យធ្វើ។
៦ ម៉ូសេក៏នាំអើរ៉ុន និងពួកកូនលោក មកផ្ងូតទឹកឲ្យ
៧ រួចបំពាក់អាវខ្លីឲ្យអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង
៨ រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ
៩ ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។
១០ រួចម៉ូសេយកប្រេង ទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ
១១ ហើយក៏យកទៅប្រោះលើអាសនា៧ដង លោកចាក់លាបអាសនា និងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ
១២ ក៏ចាក់ប្រេងខ្លះលើក្បាលអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ
១៣ រួចលោកនាំយកពួកកូនអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងជួតឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
១៤ បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសំរាប់ដង្វាយលោះបាបមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាដង្វាយនោះ រួចសំឡាប់ទៅ
១៥ នោះម៉ូសេក៏សំអាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ
១៦ លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ និងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា
១៧ តែតួគោនោះ និងស្បែក សាច់ ហើយនឹងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
១៨ លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
១៩ នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា
២០ រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង
២១ លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនា នេះហើយជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
២២ លោកក៏នាំយកចៀមទី២ដែលសំរាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
២៣ នោះម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អើរ៉ុន
២៤ ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា
២៥ រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំង២ និងខ្លាញ់របស់អង្គញ់នោះហើយនឹងស្មាខាងស្តាំមក
២៦ រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ និងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនឹងស្មាស្តាំនោះ
២៧ លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
២៨ បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើដង្វាយដែលនៅលើអាសនា នេះហើយជាដង្វាយសំរាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា
២៩ ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសំរាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
៣០ រួចម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសំលៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុន និងសំលៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសំលៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
៣១ ម៉ូសេក៏បង្គាប់អើរ៉ុន និងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ
៣២ ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតនឹងភ្លើងទៅ
៣៣ ហើយមិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំនៅអស់៧ថ្ងៃ ដរាបដល់អស់ទាំងថ្ងៃ ដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសំរេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់៧ថ្ងៃ
៣៤ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា
៣៥ ត្រូវឲ្យអ្នករាល់គ្នានៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់៧យប់៧ថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
៣៦ នោះអើរ៉ុន និងពួកកូនលោកក៏ធ្វើសំរេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារម៉ូសេ។