អើរ៉ុន និង​កូនៗ​ថ្វាយ​យញ្ញបូជា​លើក​ដំបូង
១ លុះ​ដល់​ថ្ងៃ​ទី​៨ ម៉ូសេ​ក៏​ហៅ​អើរ៉ុន និង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ផង ២ រួច​បង្គាប់​ដល់​អើរ៉ុន​ថា ចូរ​យក​កូន​គោ​១ ពី​ហ្វូង​សត្វ សំរាប់​ជា​ដង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​១​ឥតខ្ចោះ​សំរាប់​ជា​ដង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះយេហូវ៉ា ៣ ហើយ​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប និង​កូន​គោ​១ ហើយ​កូន​ចៀម​១ ដែល​ទាំង​២​មាន​អាយុ​១​ខួបៗ ហើយ​ឥតខ្ចោះ​សំរាប់​ជា​ដង្វាយ​ដុត ៤ ព្រម​ទាំង​គោ​ឈ្មោល​១ និង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ ជា​យញ្ញបូជា នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​នឹង​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ​ព្រះយេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា ៥ គេ​ក៏​នាំ​យក​ដង្វាយ​ដែល​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា ៦ នោះ​ម៉ូសេ​ប្រកាស​ថា នេះ​ហើយ​ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម យ៉ាង​នោះ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​លេច​មក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ។
៧ ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន​ថា ចូរ​ទៅ​ឯ​អាសនា ហើយ​ថ្វាយ​ដង្វាយ​លោះ​បាប និង​ដង្វាយ​ដុត​របស់​បង សំរាប់​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង រួច​ថ្វាយ​ដង្វាយ​របស់​ពួក​ជន​ឲ្យ​ធួន​នឹង​គេ ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក ៨ អើរ៉ុន​ក៏​ចូល​ទៅ​ឯ​អាសនា សំឡាប់​កូន​គោ​ទុក​ជា​ដង្វាយ​លោះ​បាប​ដែល​សំរាប់​ខ្លួន ៩ ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម យក​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា រួច​ចាក់​ឈាម​ទាំង​ប៉ុន្មាន​នៅ​ត្រង់​ជើង​អាសនា ១០ ឯ​ខ្លាញ់ និង​អង្គញ់​ទាំង​២ ហើយ​នឹង​ស្រទាប់​ដែល​យក​ពី​ថ្លើម​របស់​សត្វ ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ លោក​ក៏​ដុត​នៅ​លើ​អាសនា ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ១១ តែ​ឯ​សាច់ និង​ស្បែក នោះ​បាន​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ១២ លោក​ក៏​សំឡាប់​ដង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំវិញ​លើ​អាសនា ១៣ ពួក​កូន​ក៏​យក​ដង្វាយ​ដុត​មក​ជូន​លោក​ទាំង​ដុំៗ ព្រម​ទាំង​ក្បាល​ផង ហើយ​លោក​ដុត​ទាំង​អស់​នៅ​លើ​អាសនា ១៤ ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​លោក​លាង​នឹង​ទឹក រួច​ដុត​នៅ​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា​ផង។
១៥ បន្ទាប់​មក លោក​ថ្វាយ​ដង្វាយ​របស់​ពួក​ជន លោក​យក​ពពែ​ជា​ដង្វាយ​លោះ​បាប ដែល​សំរាប់​ពួក​ជន​មក​សំឡាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ ១៦ រួច​ក៏​យក​ដង្វាយ​ដុត មក​ថ្វាយ​តាម​របៀប ១៧ ហើយ​លោក​ក៏​ថ្វាយ​ដង្វាយ​ម្សៅ​ដែរ លោក​យក​១​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​ដង្វាយ​ដុត​ពេល​ព្រឹក ១៨ រួច​មក​លោក​សំឡាប់​គោ​ឈ្មោល និង​ចៀម​ឈ្មោល​ទុក​ជា​យញ្ញបូជា​នៃ​ដង្វាយ​មេត្រីដែល​សំរាប់​ពួក​ជន ឯ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា ១៩ ពួក​កូន​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល និង​ចៀម​ឈ្មោល កន្ទុយ និង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ស្រទាប់​ថ្លើម​ផង ២០ គេ​ដាក់​ខ្លាញ់​ពី​លើ​ទ្រូង រួច​អើរ៉ុន​ក៏​ដុត​ខ្លាញ់​ទាំង​នោះ នៅ​លើ​អាសនា ២១ ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះយេហូវ៉ា ដូច​ជា​ម៉ូសេ​បាន​បង្គាប់​មក។
២២ នោះ​អើរ៉ុន​ក៏​លើក​ដៃ​ឲ្យ​ពរ​ដល់​ពួក​បណ្តាជន រួច​ចុះ​មក​ពី​ការ​ថ្វាយ​ដង្វាយ​លោះ​បាប ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ២៣ ម៉ូសេ និង​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​បណ្តាជន នោះ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា ២៤ ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះយេហូវ៉ា មក​បញ្ឆេះ​ដង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​បណ្តាជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។