៧០
ព្រះអង្គអើយសូមយាងមកសង្គ្រោះទូលបង្គំ
ទំនុកដែលស្តេចដាវីឌ បានលើកឲ្យមេភ្លេង សំរាប់នឹងរំឭក។
១ ឱព្រះអង្គអើយ សូមទ្រង់ប្រោសឲ្យទូលបង្គំរួច
ឱព្រះយេហូវ៉ាអើយ
សូមប្រញាប់នឹងជួយទូលបង្គំផង
២ សូមឲ្យពួកអ្នកដែលប្រាថ្នាជីវិតទូលបង្គំ
បានត្រូវអៀនខ្មាស ហើយទុញទាល់នៅ
សូមឲ្យពួកអ្នកដែលរីករាយក្នុងហេតុអាក្រក់
ដែលកើតដល់ទូលបង្គំ បានត្រូវថយចេញ
ហើយអាប់យសទៅ
៣ ឯពួកអ្នកដែលសើចឡកថា ហាស ហាៗ
នោះសូមឲ្យគេត្រូវថយចេញ
ដោយកើតមានសេចក្តីខ្មាសវិញ
៤ សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយ
ហើយមានសេចក្តីអំណរចំពោះទ្រង់
ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្តីសង្គ្រោះនៃទ្រង់
បានពោលជានិច្ចថា
សូមឲ្យព្រះបានលើកដំកើងឡើង
៥ ចំណែកទូលបង្គំ មានសេចក្តីវេទនា
ហើយកំសត់ទុគ៌ត
ឱព្រះអង្គអើយ សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំ
គឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច
ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ។