៧១
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ចាស់ជរា
១ ឱ​ព្រះយេហូវ៉ា​អើយ
ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ
២ សូម​ទ្រង់​ដោះ​ទូលបង្គំ​ឲ្យ​រួច ហើយ​ស្រោច​ស្រង់
ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់
សូម​ផ្ទៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​ជួយ​សង្គ្រោះ
ទូលបង្គំ​ផង
៣ សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​ថ្មដា សំរាប់​ជា​ទី​លំនៅ​ដល់​ទូលបង្គំ
ជា​កន្លែង​ដែល​ទូលបង្គំ​ទៅ​មក​ជានិច្ច​បាន
ទ្រង់​បាន​ចេញ​បង្គាប់​ឲ្យ​ជួយ​សង្គ្រោះ​ទូលបង្គំ​ហើយ
ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​របស់​ទូលបង្គំ។
៤ ៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ស្រោច​ស្រង់​ទូលបង្គំ
ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់
គឺ​ឲ្យ​ចេញ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត​ដ៏​សាហាវ​ផង
៥ ដ្បិត​ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ
ទ្រង់​ជា​ទី​សង្ឃឹម​នៃ​ទូលបង្គំ
ទ្រង់​ជា​ទី​ទុក​ចិត្ត​ដល់​ទូលបង្គំ​តាំង​តែ​ពី​ក្មេង​មក
៦ គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូលបង្គំ តាំង​ពី​ផ្ទៃ​ម្តាយ​មក
ទ្រង់​បាន​គាំ​ទូលបង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយ
ទូលបង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។
៧ ៙ ទូលបង្គំ​ជា​ទី​អស្ចារ្យ​ដល់​មនុស្ស​ជា​ច្រើន
តែ​គឺ​ទ្រង់​ជា​ទី​ពឹង​មាំមួន​របស់​ទូលបង្គំ​ទេ
៨ មាត់​ទូលបង្គំ​នឹង​ពេញ​ដោយ​សេចក្តី​សរសើរ​ដល់​ទ្រង់
ហើយ​នឹង​ពោល​ពី​កិត្តិសព្ទ​នៃ​ព្រះនាម​ទ្រង់​ដរាប​រាល់​ថ្ងៃ
៩ សូម​កុំ​បោះបង់​ចោល​ទូលបង្គំ
ក្នុង​កាល​ដែល​ចាស់ជរា​ឡើយ
ហើយ​កុំ​លះបង់​ទូលបង្គំ
ក្នុង​កាល​ដែល​មាន​កំឡាំង​អន់ថយ​នោះ​ដែរ
១០ ដ្បិត​ពួក​ខ្មាំងសត្រូវ គេ​និយាយ​ដើម​ពី​ទូលបង្គំ
ហើយ​ពួក​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូលបង្គំ គេ​ជំនុំ​គ្នា​ថា
១១ ព្រះ​បាន​បោះបង់​ចោល​វា​ហើយ
ចូរ​យើង​ដេញ​តាម​ចាប់​វា​ចុះ
ដ្បិត​គ្មាន​អ្នក​ណា​នឹង​ជួយ​វា​សោះ។
១២ ៙ ឱ​ព្រះអង្គ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូលបង្គំ​ផង
១៣ សូម​ឲ្យ​ពួក​អ្នក​ដែល​ទាស់​ទទឹង​នឹង​ជីវិត​ទូលបង្គំ
បាន​ត្រូវ​អៀនខ្មាស ហើយ​វិនាស​សូន្យ​ទៅ
ឯ​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូលបង្គំ
នោះ​សូម​ឲ្យ​គេ​បាន​គ្រប​ពេញ​ដោយ​សេចក្តី​ដំនៀល
និង​អាប់យស​វិញ
១៤ ឯ​ទូលបង្គំ​នឹង​មាន​សង្ឃឹម​ជានិច្ច
ហើយ​នឹង​សរសើរ​ដល់​ទ្រង់​កាន់​តែ​ច្រើន​ឡើង
១៥ មាត់​ទូលបង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​សុចរិត
និង​ពី​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ
ពី​ព្រោះ​ទូលបង្គំ​មិន​ដឹង​ជា​មាន​ចំនួន​ប៉ុន្មាន​ទេ
១៦ ទូលបង្គំ​នឹង​ទៅ​ដោយ​ព្រះចេស្តា​របស់
ព្រះអម្ចាស់យេហូវ៉ា
ហើយ​នឹង​ដំណាល​ពី​សេចក្តី​សុចរិត​របស់​ទ្រង់
គឺ​របស់​ទ្រង់​តែ​១​ប៉ុណ្ណោះ។
១៧ ៙ ឱ​ព្រះអង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូលបង្គំ
តាំង​តែ​ពី​ក្មេង​មក
ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូលបង្គំ​បាន​សំដែង
ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់
១៨ ឱ​ព្រះអង្គ​អើយ សូម​កុំ​លះបង់​ចោល​ទូលបង្គំ​ឡើយ
ទោះ​ទាំង​វេលា​ដែល​ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង
ដរាប​ដល់​ទូលបង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះចេស្តា​ទ្រង់
ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ
និង​ពី​ឥទ្ធានុភាព​ទ្រង់
ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ
១៩ ឯ​សេចក្តី​សុចរិត​របស់​ទ្រង់ ឱ​ព្រះអង្គ​អើយ
នោះ​ខ្ពស់​ណាស់
ចំណែក​ឯ​ទ្រង់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ
ឱ​ព្រះអង្គ​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់។
២០ ៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្តី​វេទនា​ដ៏​លំបាក
ជា​ច្រើន​ហើយ
តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញ
ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី
២១ សូម​លើក​សេចក្តី​ខ្ពង់ខ្ពស់​នៃ​ទូលបង្គំ​ឡើង
ហើយ​វិល​មក​ជួយ​កំសាន្ត​ទូលបង្គំ​វិញ។
២២ ៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ទ្រង់
ដោយ​ពិណ​ដែរ
គឺ​នឹង​សរសើរ​ពី​សេចក្តី​ពិត​របស់​ទ្រង់
ឱ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ
ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់​តាម​ស៊ុង
២៣ កាល​ណា​ទូលបង្គំ​ច្រៀង​សរសើរ​ដល់​ទ្រង់
នោះ​បបូរ​មាត់​នៃ​ទូលបង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរ
ព្រម​ទាំង​ព្រលឹង​នៃ​ទូលបង្គំ​ដែល​ទ្រង់​បាន​លោះ​នោះ​ផង
២៤ ឯ​អណ្តាត​របស់​ទូលបង្គំ នឹង​និទាន
ពី​សេចក្តី​សុចរិត​របស់​ទ្រង់ ជា​ដរាប​រាល់​ថ្ងៃ
ដ្បិត​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូលបង្គំ
គេ​បាន​ត្រូវ​អៀនខ្មាស​មូរ​មុខ​ចុះ​ហើយ។